(ភ្នំពេញ)៖ លោក George Edgar ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញឆន្ទៈថា អឺរ៉ុបនៅតែបន្ដគាំទ្រដល់កម្មវិធី កំណែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។

ការអះអាងបែបនេះ របស់លោកអគ្គរដ្ឋទូតអឺរ៉ុប ធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នាឱកាសដែលលោក​ត្រូវបានអនុញ្ញាតឲ្យ ជួបពិភាក្សាការងារ ជាមួយលោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការពិភាក្សាការងារនោះ ស្ដីពីការត្រួតពិនិត្យសមិទ្ធកម្ម លើការអនុវត្តក្របខ័ណ្ឌ លទ្ធផលប្រចាំឆ្នាំ២០១៧ ដែលមានចែងក្នុងកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីគាំទ្រកម្មវិធីកែទម្រង់
ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ក៏ដូចជាការបន្តជំរុញ ពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា បញ្ជាក់ពីសុឆន្ទៈនៃកិច្ចសហប្រតិបត្តិការ ក្នុងការបន្តការគាំទ្រលើកម្មវិធីកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ពីឆ្នាំ២០២០-២០២១ ប្រមាណ២២លានអឺរ៉ូ កម្មវិធីសម្រាប់កំណើន
ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ននៅកម្ពុជា លើវិស័យជលផលប្រមាណ៨៧លានអឺរ៉ូ និងកម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ប្រមាណ៦លានអឺរ៉ូ។
លោក George Edgar បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ រហូតដល់សម្រេច​ បាននូវសមិទ្ធផលជាច្រើន ក្នុងនោះរួមមាន ការកើនឡើងនៃកំណើនចំណូលចរន្ត តាមរយៈការពង្រឹងការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម២០១៤-២០១៨ ការពង្រឹង និងពង្រីការដាក់ឱ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) ការពង្រឹង និងពង្រីកការដាក់ឱ្យអនុវត្តថវិកាកម្មវិធី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងតម្លាភាពថវិកា ត្រូវបានបង្កើនជាលំដាប់ជាដើម។

តាមរយៈលទ្ធផល នៃការវាយតម្លៃសមិទ្ធកម្មឆ្នាំ២០១៧បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវលក្ខខណ្ឌទូទៅ (General Conditions) គឺ១០០% និងលក្ខខណ្ឌជាក់លាក់ (Specific Conditions)៩២.៥% ។
មានន័យថា ថវិកាទ្រទ្រង់(Budget Support) សម្រាប់បើកផ្តល់ក្នុងឆ្នាំ២០១៨មានចំនួន៤,៧៣៧,៥០០អឺរ៉ូ។

អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះវត្តមាន របស់សហភាពអឺរ៉ុប ដែលបានជួយគាំទ្រ ដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់ពេលបច្ចុប្បន្ន កម្មវិធីកែទម្រង់ផ្សេងៗទៀត របស់រាជរដ្ឋាភិបាល ក៏ដូចជាថ្លែងនូវអំណរគុណ សម្រាប់សហភាពអឺរ៉ុបដែលបាន ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក។

អគ្គបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិតជាមានសារៈសំខាន់ក្នុងការជំរុញ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយជីរភាព, វិបុលភាព និងបរិយាប័ន្ន មានន័យថា រាជរដ្ឋាភិបាលនៅតែបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារអាទិភាព នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដែលក្នុងនោះរួមមាន៖

១៖ រៀបចំយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៩-២០២៣។
២៖ អនុវត្តយុទ្ធសាស្រ្តនៃការកែទម្រង់ ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥។
៣៖ ពង្រឹង និងពង្រីកការអនុវត្តប្រព័ន្ធ FMIS ស្របតាមផែនការយុទ្ធសាស្រ្តដំណាក់កាលទី២។
៤៖ ការពង្រឹង ការអនុវត្តថវិកាកម្មវិធី។
៥៖ រៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម(MTFF) និងក្របខ័ណ្ឌថវិការយៈពេលមធ្យម(MTBF)។
៦៖ រៀបចំយុទ្ធសាស្រ្តនៃការកែទម្រង់ ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិឆ្នាំ២០១៨-២០២៥។
៧៖ រៀបចំយុទ្ធសាស្រ្តនៃការកែទម្រង់ ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥។
៨៖ រៀបចំក្របខ័ណ្ឌវិនិយោគសាធារណៈ។
៩៖ ការពង្រឹងការកសាងសមត្ថភាព មន្រ្តីរាជការក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អគ្គបណ្ឌិតសភាចារ្យ ក៏ថ្លែងនូវអំណរគុណចំពោះការគាំទ្រ របស់សហភាពអឺរ៉ុប ទាំងជំនួយជាហិរញ្ញប្បទាន ឥតសំណង និងជំនួយបច្ចេកទេស ដើម្បីគាំទ្រការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈប្រកបដោយជោគជ័យ និងចីរភាព និងបានគូសបញ្ជាក់ថា នេះជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីកិច្ចទំនាក់ទំនងល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប៕