(ភ្នំពេញ)៖ ផលិតកម្ម LD Picture បានធ្វើពិធីបើកសម្ពោធស្នាដៃថ្មីមួយទៀត ដែលជាការដឹកនាំសម្ដែងរបស់តារាកំប្លែង នាយគ្រឿន មានចំណងជើងថា «វិញ្ញាណទីងមោង» ជាភាពយន្តបែបកំប្លុកកំប្លែង និងភ័យរន្ធត់ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ នៅរោងភាពយន្ត Legend ក្នុងតំបន់បឹងកក់ ដោយមានការចូលរួមពីសំណាក់ ផលិតករ តារាសម្ដែងល្បីៗ និងទស្សនិកជនជាច្រើនកុះករ។
ចាងហ្វាងផលិតកម្ម LD លោក លៀក លីដា បានថ្លែងឲ្យដឹងថា ភាពយន្តរឿង «វិញ្ញាណទីងមោង» គឺជារសជាតិថ្មីមួយទៀត សម្រាប់ទស្សនិកជន ដែលអ្នកសិល្បៈតែងតែរិះរកអ្វី ដែលថ្មីហើយប្លែក ដើម្បីបម្រើអារម្មណ៍អ្នកទស្សនា។ រឿងនេះចង់បង្ហាញឲ្យកូនខ្មែរ ជាពិសេសអ្នករស់នៅទីក្រុងឲ្យស្គាល់ពីទីងមោង និងអត្ថន័យរបស់ទីងមោង ទោះបីជារឿងនេះ ស្ថិតក្នុងលក្ខណៈបែបកំប្លុកកំប្លែងក្ដី។
លោកបន្តថា អ្វីដែលជាលក្ខណៈពិសេសក្នុងរឿងនេះមួយទៀត គឺការដាក់ឲ្យលោក ទេព រិន្ទដារ៉ូ មកសម្ដែងជាតួបែបកំប្លែង ខណៈដែលកន្លងមកតារារូបនេះ ពុំដែលសម្ដែងលក្ខណៈកំប្លែងអ៊ីចឹងទេ ធ្វើឲ្យសាច់រឿង ជាសាច់រឿងថ្មីមិនធ្លាប់មានទាល់តែសោះ។ នៅក្នុងផ្ទៃរឿងទាំងមូល ក៏បានបង្កប់នូវអត្ថន័យអប់រំច្រើនផងដែរ ពោលគឺជារឿងបង្ហាញពីភាពស្មោះត្រង់ របស់មនុស្សប្រុស ដែលស្រឡាញ់ទៅលើនារីម្នាក់ រហូតដល់ក្លាយជាមនុស្សចាស់ ទម្រាំមានអ្នកថ្មីមកជំនួស។
លោក លៀក លីដា បានសង្កត់ធ្ងន់ថា ជាមួយគ្នានេះ ការអប់រំនៅក្នុងវិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានលើកយកមកបង្ហាញផងដែរ ពោលគឺការដាក់បញ្ចូលរូបទីងមោង ស្ទើរគ្រប់ឈុតឆាក ដែលរូបទីងមោងនេះ មានអត្ថន័យជ្រាលជ្រៅ ដែលក្មេងៗស្រករក្រោយ គួរតែសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់។
ដោយឡែក នាយ គ្រឿន ដែលជាផលិតកររបស់ផលិតកម្ម LD និងជាអ្នកដឹកនាំរឿងផងនោះ បានប្រាប់ឲ្យដឹងថា មួយរឿងនេះមានរសជាតិច្រើន ដែលអ្នកទស្សនា ច្បាស់ជាលាន់មាត់សរសើរ តាំងពីដើមដល់ចប់មិនខាន ខណៈដែលវត្តមានតួឯករបស់លោក ទេព រិន្ទដារ៉ូ គឺជាទីផ្សារដែលត្រូវបានរំពឹងខ្លាំង។ ក្នុងរឿង «វិញ្ញាណទីងមោង» នេះគឺជាស្នាដៃ ដែលលោកនិពន្ធដោយផ្ទាល់ សាច់រឿងប្លែក និងប្រទាក់ក្រឡាគ្នា សូម្បីតែប្លង់ និងបច្ចេកទេសថត ក៏មានទម្រង់បែបប្រកួតប្រជែង ខុសប្លែកពីរឿងដទៃដែរ។
សូមបញ្ជាក់ថា ភាពយន្តខ្នាតធំរឿង «វិញ្ញាណទីងមោង» មានការចូលរួមពីសំណាក់តារាល្បីៗ មានដូចជា លោក ទេព រិន្ទដារ៉ូ សម្ដែងជាតួឯកប្រុស, កញ្ញា សាឡាត់ ស្រីឡាង ជាតួឯកស្រី, នាយ គ្រឿន, លោក BIG , ឌីជេ កាកា , លោក ងួន សុបិន ព្រមទាំងតារាប្រុសស្រីល្បីៗមួយចំនួនទៀត។ រឿង «វិញ្ញាណទីងមោង» នឹងដាក់បញ្ចាំង ចាប់់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះតទៅ នៅតាមបណ្ដារោងភាពយន្តទំនើបនានា ក្នុងរាជធានីភ្នំពេញ៕