Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ឈរលេខ២ ក្នុងជុំទី១ នៃព្រឹត្តិការណ៍ Asian Games ព្រឹកនេះ

23-08-2018 11:13

(ហ្សាកាតា)៖ ជូនពរក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ Asian Games! កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតជម្រុះជុំទី១ ដើម្បីបន្ដដំណើរទៅប្រកួតជុំបន្ដ លើវិញ្ញាសា Runabout 1100 Stock ដែលគ្រោងធ្វើការប្រកួតនាថ្ងៃស្អែក។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ពីទីក្រុងហ្សាកាតាថា សម្រាប់វិញ្ញាសាម៉ូតូតូចប្រកួតព្រឹកនេះ គឺមានកីឡាករ ១២ប្រទេសចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជា ២រូបផងដែរ ប៉ុន្ដែគួរឲ្យស្ដាយកីឡាករ ម៉ឺន មូសស្ដាន ដែលជាម្ចាស់ជើងឯកពានកម្រិតពិភពលោក ឆ្នាំ២០១៧ ត្រូវបានខូចម៉ូតូអំឡុងពេលប្រកួត ធ្វើឲ្យរូបគេត្រូវបានជម្រុះក្នុងវិញ្ញាសា Runabout 1100 Stock។ តែយ៉ាងណាក្នុងវិញ្ញាសានេះ កីឡាករកម្ពុជាម្នាក់ទៀត គឺកីឡាករ សាលី អ៊ូមើត ធ្វើបានយ៉ាងល្អ ដោយប្រកួតយ៉ាងប្រកៀតប្រកិតជាមួយកីឡាកថៃ ដែលឈរលេខរៀងទី១ ក្នុងជុំទី១។

លោកបន្ដថា តាមគម្រោងកីឡាករ សាលី អ៊ូមើត នឹងបន្ដការប្រកួតជុំទី២ នៅថ្ងៃទី២៤ ខែសីហាស្អែកនេះ ដើម្បីធ្វើដំណើរឆ្ពោះទៅប្រជែងមេដាយ ហើយកម្ពុជា ក៏រំពឹងថា អ៊ូមើត នឹងព្យាយាមធ្វើបានកាន់តែល្អនៅជុំបន្ទាប់ ដើម្បីស្វែងរកមេដាយមាសជូនជាតិផងដែរ។ ប៉ុន្ដែមុនឈានដល់ការប្រកួតជុំទី២ នៃវិញ្ញាសា Runabout 1100 Stock នៅរសៀលថ្ងៃព្រហស្បត្តិដដែលនេះ កីឡាករកម្ពុជាទាំង២រូប នឹងត្រូវធ្វើការប្រកួតលើវិញ្ញាសាមួយទៀត គឺវិញ្ញាសា Ski Modified ដើម្បីប្រជែងកៅអីវគ្គបន្ដផងដែរ៕