(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងដាស់តឿនដល់ប្រធានមន្ទីរអង្គភាព និងនាយកសាលាត្រូវពង្រឹងការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ ម៉ត់ចត់ និងមានភាពទទួលខុសត្រូវ។
លោកបានថ្លែងដូច្នេះ ក្នុងពេលចែកកុំព្យូរទ័រយួរដៃ (Leptop) ចំនួន៥២គ្រឿង ជូនដល់សមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ខេត្ត ក្រុងស្រុក និងស្ថាប័នគោលដៅនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។
ពិធីនេះមានការចូលរួម អង្គភាពមន្ទីរពាក់ព័ន្ធ អភិបាល ក្រុង ស្រុក ប្រធានការិយាល័យ ស្រុកប្រតិបត្តិ ប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងស្រុក និងគ្រប់វិទ្យាល័យក្នុងខេត្ត។
លោក សុខ លូ បានបន្ថែមទៀតថា ការចែកកុំព្យូទ័រយួរដៃ (Leptop) គឺដើម្បីគាំទ្រដល់ដំណើរការនៃការវាយតម្លៃរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ខេត្ត ក្រុង ស្រុក ព្រមទាំងដាក់ពាក្យនឹងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ស្ថាប័នគោលដៅនៃការការវាយតម្លៃអង្គភាព ផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលរួមមានគ្រប់វិទ្យាល័យជាគ្រឹះស្ថាន គ្រប់មន្ទីរពេទ្យបង្អែក។
លោកបានបន្តទៀតថា ចំពោះប្រធានមន្ទីរអង្គភាព អភិបាល ក្រុង ស្រុក ត្រូវពិនិត្យ និងពង្រឹងការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ ម៉ត់ចត់ និងភាពទទួលខុសត្រូវកុំរង់ចាំតែបញ្ជាពីថ្នាក់លើ ត្រូវគិតថា អង្គភាពរបស់ខ្លួនធ្វើអ្វីខ្លះ? ហើយការផ្តល់សេវាសាធារណៈត្រូវទៅតាមច្រកចេញចូលតែមួយ។
ចំណែកវិស័យសុខាភិបាល ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះឱសថស្ថានក្រែងមានលក់ឱសថក្លែងក្លាយ ឬហួសកាលបរិច្ឆេទ និងត្រូវយកចិត្តទុកដាក់អ្នកជម្ងឺ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកវិស័យអប់រំ ត្រូវត្រួតពិនិត្យទៅលើសម្ភាររូបវ័ន្ត យកចិត្តទុកលើសិស្សក្រីក្រ សិស្សពិការសិស្សស្រីជាដើម។
ចុងក្រោយ លោកបានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើការងាររបស់ខ្លួន តាមជំនាញឲ្យបានត្រឹមត្រូវវិជ្ជាជីវៈ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។ ជាមួយគ្នានេះដែរ លោកបានចែកជូននូវកុំព្យូរទ័រយួរដៃ (Leptop) យកទៅប្រើប្រាស់ក្នុងអង្គភាពម្នាក់មួយគ្រឿងផងដែរ៕