(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ វេទិកាថ្នាក់ជាតិស្តី «ការអនុវត្តផែនការគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (I-SAF)» ត្រូវបានរៀបចំឡើងក្នុងគោលបំណងចងក្រងមេរៀន បទពិសោធន៍ល្អៗ បញ្ហាប្រឈម និងរៀបចំផែនការកែលម្អ ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមរបស់ផ្នែកផ្គត់ផ្គង់ (supply side) និងផ្នែកតម្រូវការ (demand side) លើការផ្តល់សេវាចំនួនបី គឺការផ្តល់សេវារដ្ឋបាលឃុំ ការអប់រំបឋមសិក្សា និងការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាព។
លោក ឡេង វីរៈ តំណាងសង្គមស៊ីវិល បានថ្លែងថា អង្គការសង្គមស៊ីវិលចំនួន៣២ បានចូលរួមសហការជាមួយ គ.គ.អ.ស អនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ដែលត្រូវបានដាក់អនុវត្តក្នុងឆ្នាំ២០១៦។
វេទិកាត្រូវបានរៀបចំឡើងសណ្ឋាគាហ៊ីម៉ាវ៉ារី ក្រោមអធិបតីភាពលោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម (គ.គ.អ.ស) ដោយមានអ្នកចូលរួមប្រមាណ២០០នាក់ មកពីក្រសួងស្ថាប័នថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ អង្គភាពផ្តល់សេវាទាំងបី (រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកសម្របសម្រួលគណនេយ្យសង្គម។
បច្ចុប្បន្ន I-SAF អនុវត្តនៅ៧៥៨ ឃុំ១៤០៩ សាលាបឋមសិក្សា និង៥៧៣ មណ្ឌលសុខភាព នៅក្នុង៩៨ស្រុកក្នុង១៨ខេត្ត៕