ទំនប់លូបង្ហូរទឹកសំណល់ ដែលប្រឈមការហូរច្រោះបាក់ដី លិចចូលភូមិព្រែកតាឡុង៣ ក្នុងខណ្ឌមានជ័យ, អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យអាជ្ញាធរច្រកដីទប់ទឹកទាំងយប់
23-08-2018 09:32
(ភ្នំពេញ)៖ ទទួលបានការណែនាំពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ភ្លាមៗនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាឲ្យលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានដឹកនាំកម្លាំងសង្កាត់ សហការជាមួយកម្លាំងប្រជាពលរដ្ឋ នាំគ្នាហៅរថយន្តដឹកដីយកមកចាក់ និងនាំគ្នាកាយច្រកដីដាក់បាវ ដើម្បីយកទៅទប់ជើងទេ នៅកន្លែងដែលកំពុងជ្រាបទឹកខ្លាំង តាមទំនប់លូបង្ហូរទឹកសំណល់នោះ ដែលអាចប្រឈមនឹងការហូរច្រោះបាក់ដី លិចចូលភូមិព្រែកតាឡុង៣ ជាមិនខាន។
ចំពោះមូលហេតុ គឺដោយសារតែទឹកបឹងជើងឯក ឬបឹងសារាយ ទឹកមានសហភាពពេញ និងខ្ពស់ជាងលូបង្ហូរទឹកសំណល់នោះ ទើបធ្វើឲ្យទឹកច្រាល ហូរបញ្ច្រាសមកវិញខ្លាំងពេក ព្រោះមាត់ លូបង្ហូរទឹកសំណល់នោះ ជាអតីតទ្វារទឹកសម្រាប់ បិទបើកបង្ហូរផ្លាស់ប្ដូរទឹករបស់សហគ្រាសចិញ្ចឹមត្រីចាស់ផង ដែលមានសភាពទាបជាងគេ។
ជាមួយគ្នានេះដែរលោកអភិបាលរាជធានីភ្នំពេញ បានផ្ដល់ជូននូវផ្លូវបេតុងមួយខ្សែប្រវែងជាង១.០០០ម៉ែត្រ ដល់ប្រជាពលរដ្ឋដែលរស់នៅ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕