(កំពង់ចាម)៖ ដោយស្ថានភាពទឹកជំនន់នៅតែបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃ ពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព .ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឲ្យ លោកវេជ្ជ. អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោក គួច ចំរើន អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ២.០២៩គ្រួសារ មកពីភូមិចំនួន៩ ក្នុងឃុំល្វេ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ និងគិតគូរពីបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃ 《ស្អាត៣យ៉ាង គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត》និងសូមមើលថែ ចាស់ជរា ជនពិការ និងកូនតូចៗឱ្យបានល្អជៀសវាងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ នៅពេលគេងត្រូវដាក់មុងការពារកុំឲ្យមូសខាំ ជៀសវាងនូវការកើតជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ ប្រសិនបើមានបញ្ហាសុខភាព សូមបង-ប្អូនប្រញាប់ទៅមណ្ឌលសុខភាពឲ្យបានឆាប់ ហើយសូមប្រញាប់ប្រញាល់ប្រកបមុខរបរបង្កបង្កើនផលឡើងវិញនៅពេលទឹកស្រក ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឲ្យប្រសើរវិញ។
ប្រជាពលរដ្ឋរងគ្រោះក្នុងឃុំល្វេ ស្រុកកោះសូទិនបានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរសុខទុក្ខ និងចែករំលែកនូវក្ដីស្រលាញ់មួយនេះជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបដោយមិនប្រកាន់រើសអើងវណ្ណៈជាតិ សាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ក្រមា១ និងអាវ១។
សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តកពង់ចាមនេះ សរុបបានចំនួន ៧,៣៥០គ្រួសារ ស្មើនឹងភូមិចំនួន៣៥ ឃុំចំនួន៥ នៃស្រុកកំពង់សៀម និងស្រុកកោះសូទិន ដោយគិតចាប់តាំងពីថ្ងៃទី ៣ មកដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ នេះ៕