(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ មន្ត្រីជាន់ខ្ពស់៤រូប របស់គណបក្សហ្វ៊ុនស៉ិនប៉ិច ដែលត្រូវបានបណ្តេញចេញពីបក្ស ធ្វើសន្និសីទសារព័ត៌មាន នៅសណ្ឋាគារសាន់វេ ដើម្បីបំភ្លឺជូនសាធារណជន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន៤រូប ដែលដើរតាមគណបក្សរាជានិយមហ្វ៊ិនស៊ិនប៉ិច អស់រយៈកាលជាង ៤០ឆ្នាំមកហើយនោះ ត្រូវបានព្រះប្រធានស្តីទីគណបក្សគឺ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ សម្រេចបណ្ដេញចេញពីគណបក្ស។
ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង៤រូប ដែលត្រូវបានគេមើលឃើញថា ស្ម័គ្រស្មោះ និងដើរតាមសម្ដេចក្រុមព្រះ នរោត្តម រណឫទិ្ធ ក្នុងឆាកនយោបាយកម្ពុជា រយៈពេលជាយូរឆ្នាំមកនោះ រួមមាន៖ លោក យូ ហុកគ្រី អតីតអនុប្រធានគណបក្ស, លោក ញ៉េប ប៊ុនជិន អតីតអនុប្រធានគណបក្ស និងជាអ្នកនាំពាក្យគណបក្ស, លោក ប៉ោ ប៊ុនស្រ៊ឺ អតីតអនុប្រធានគណបក្ស និងលោក វ៉ាន់ សុផាន់ណា អតីតអគ្គលេខាធិការរងគណបក្ស។
អ្នកតាមដានស្ថានការនយោបាយកម្ពុជា បានមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ផ្ទៃក្នុងរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ហាក់មានការរង្គោះរង្គើរផ្ទៃក្នុងយ៉ាងខ្លាំង បន្ទាប់ពីព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់សម្តេចក្រុមព្រះ ត្រូវបានតែងតាំងជាប្រធានស្ដីទីគណបក្ស ខណៈដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងសម្រាកព្យាបាលព្រះរាជសុខភាពនៅប្រទេសថៃ។
លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ថា ការបណ្តេញចេញនេះ បានធ្វើឡើងដោយខុសច្បាប់គណបក្សទាំងស្រុង។
បើតាមលោក ញ៉េប ប៊ុនជិន ការបណ្តេញចេញសមាជិកអចិន្ត្រៃយ៍ណាម្នាក់ចេញពីគណបក្ស លុះត្រាតែមានការធ្វើសមាជពីគណបក្សទើបត្រូវតាមច្បាប់៕