(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា របស់លោក សេង សុខខេង ​បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ សម្តែងការពេញចិត្ត ចំពោះការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» របស់​សម្តេចតេជោ ហ៊ុន សែន ថាមិនដើម្បីបក្ស ឬក្រុមណាមួយនោះទេ គឺដើម្បីបុព្វហេតុជាតិ និងមាតុភូមិរបស់យើងទាំងអស់គ្នា។

សេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅពេលនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ « គណបក្សសញ្ជាតិកម្ពុជា បានចាត់ទុកអនុសាសន៍ដ៏ប្រពៃនេះ ជាទស្សនទានរបស់មហាបុរសរដ្ឋ មានចរិកជាប្រវត្តិសាស្ដ្រមិនដើម្បីបក្ស ឬក្រុមណាមួយឡើយ គឺដើម្បីបុព្វហេតុជាតិ និងមាតុភូមិយើងទាំងអស់គ្នា»។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់បន្តថា «​គណបក្សសញ្ជាតិកម្ពុជា សូមសម្ដែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅ បន្ដរួមចំណែក និងអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ ចូលរួមសហការជាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍ប្រទេសជាតិយើង»។

សូមជម្រាប ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ ហើយប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់នោះ ក៏បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្តើមនេះផងដែរ៕