(ភ្នំពេញ)៖ តំណាងថ្មីរបស់មូលនិធិប្រជាជនអង្គការសហប្រជាជាតិ UNPFU ប្រចាំនៅកម្ពុជា លោកស្រី Sithy Rizvina De Alwis បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបន្ដអនុវត្តយុទ្ធសាស្ដ្រចតុកោណ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ។

ការលើកឡើងបែបនេះ របស់លោកស្រី Sithy Rizvina De Alwis ក្នុងឱកាសលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

សេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា លោកស្រី Sithy Rizvina De Alwis ក៏បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានចូលកាន់តួនាទីជាតំណាងថ្មីនៅកម្ពុជា ខណៈដែល UNFPA បាននិងកំពុងខិតខំពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា​លើការងារនេះបន្ដទៀត។

លោកស្រី Sithy Rizvina De Alwis បានវាយតម្លៃការផ្ដល់ប្រាក់លំហែមាតុភាព រយៈពេល៣ខែ ចំនួន១២០ភាគរយ ថាជាការគិតដ៏ប្រសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកស្រីពុំធ្លាប់បានឮនៅប្រទេសដទៃទៀតនោះទេ។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានគូសរំលេចថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលទើបជាប់ឆ្នោត នឹងថ្វើការងារឲ្យកាន់តែខ្លាំងខ្លាថែមទៀត ដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នារបស់ប្រជាជនកម្ពុជា។ ព្រមជាមួយនេះ នឹងដាក់ចេញនូវយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី។​

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ UNFPA ដែលបានអនុវត្តកម្មវិធីនានា ដូចជា ការលើកម្ពស់សុខភាពផ្លូវភេទ និងបន្ដពូជ, ក្មេងជំទង់ និងយុវវ័យ, ផែនការគ្រួសារ, ការផ្ដល់អំណាចដល់ស្រ្ដី និងសមភាពយែនឌ័រជាដើម។ លោកទេសរដ្ឋមន្ដ្រី គូសបញ្ជាក់ថា ការលើកកម្ពស់ដល់ សមភាពយែនឌ័រ ការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការឲ្យតម្លៃដល់តួនាទីស្ដ្រីក្នុងសង្គម គឺជាកត្ដាសំខាន់សម្រាប់កម្ពុជា៕​