(កំពង់ចាម)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល បានជំរុញ និងស្នើសូមឲ្យ
អង្គការសុខភាពពិភពលោក ជួយអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា លើប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដើម្បីផ្ដល់ភាពងាយ​ស្រួល  ក្នុងការកត់ត្រាអំពីស្ថានភាពអ្នកជំងឺ តាមរយៈការប្រើប្រាស់កុំព្យូទ័រ នៅតាមមណ្ឌលជំនួន៤៥។

ការស្នើបែបនេះ របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នាឱកាសដែលលោកស្រី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គសិក្ខាសាលា ស្តីពីការបង្កើនល្បឿនឆ្ពោះ ទៅរកការគ្រប់ដណ្តប់សុខភាពជាសកល
នៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម។

លោកស្រីអគ្គនាយកបច្ចេកទេស ក៏បានជំរុញ និងស្នើសុំឲ្យអង្គការសុខភាពពិភពលោក ជួយអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា
សម្រាប់កត់ត្រាព័ត៌មាន របស់អ្នកជំងឺ និងរដ្ឋបាលផ្សេងៗទៀត ដោយប្រើប្រាស់កុំព្យូទ័រ នៅតាមមណ្ឌលសុខភាព ចំនួន៤៥មណ្ឌលស្ថិតក្នុងខេត្តពង់ធំ ខេត្តកំពត និងខេត្តកំពង់ស្ពឺ។

ក្នុងនោះដែរលោកស្រីវេជ្ជបណ្ឌិត បានលើកឡើង ពីការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងបុគ្គលិកមណ្ឌលសុខភាព
ទាំងអស់ ក្នុងការផ្តួចផ្តើមគំនិតការកែលម្អ គុណភាពសេវាសុខាភិបាល នៅថ្នាក់មណ្ឌលសុខភាព ត្រូវបានអនុវត្តសម្រេច
បានដោយជោគជ័យក្នុងឆ្នាំកន្លងទៅនេះ និងមានការរៀនសូត្រដកស្រង់បទពិសោធន៍ ដើម្បីបន្តការងារលើកកម្ពស់
គុណភាព សេវាសុខាភិបាលជាបន្តបន្ទាប់ទៀត។

លោកស្រីថ្លែងឲ្យដឹងទៀតថា «យើងមានមោទនភាពណាស់ ចំពោះការរីកចម្រើន ដែលយើងបានធ្វើរួមគ្នា
នៅក្នុងប្រទេសកម្ពុជា លើវិស័យសុខាភិបាលក្រោមការដឹកនាំ របស់សាស្ត្រាចារ្យ ម៉ម ប៊ុនហេង»។

ដើម្បីសម្រេចបាននូវចក្ខុវិស័យ នៃផែនការយុទ្ធសាស្ដ្រសុខាភិបាលជំហានទី៣ ដែលជាចក្ខុវិស័យសម្រាប់ការគ្រប់ដណ្តប់
សុខភាពជាសកល ឬហៅជាភាសាអង់គ្លេសថា Universal Health Coverage «UHC» (មានន័យថាគ្រប់ៗគ្នាអាច
ទទួលបាននូវសេវាសុខភាព ដែលមានគុណភាពល្អ នៅពេលដែលពួកគេត្រូវការ ដោយមិនមានរបាំងហិរញ្ញវត្ថុ)។
លោកវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងផ្តាំផ្ញើសិក្ខាកាមទាំងអស់ ឲ្យចងចាំនូវពាក្យ៣ម៉ាត់ យ៉ាងសាមញ្ញបំផុតគឺ ពង្រឹង, ពង្រីក និង បង្កើន។

១៖ ពង្រឹងមានន័យថា ពង្រឹងគុណភាពសេវា ជាពិសេសការថែទាំសុខភាព បឋមនៅថ្នាក់មណ្ឌលសុខភាព។
២៖ ពង្រីកមានន័យថា ពង្រីកសេវាបន្ថែម ពីសេវាសុខាភិបាលដែលមានស្រាប់ ឲ្យមានសេវាបន្ថែមនីមួយៗ តាមមណ្ឌល
សុខភាពដូចជាករណីជំងឺមិនឆ្លងជាដើម។
៣៖បង្កើនមានន័យថា បង្កើនធនធានមនុស្ស សមត្ថភាព សំភារៈបរិក្ខា និងថវិកា ជាពិសេស បង្កើនការចូលរួមប្រើប្រាស់ សេវាសុខាភិបាលពីសហគមន៍។

ក្នុងនោះលោកស្រីក៏បាន ជំរុញឲ្យសិក្ខាកាមទាំងអស់ប្រើប្រាស់ ឲ្យអស់លទ្ធភាពនូវឱកាសបីថ្ងៃនៃសិក្ខាសាលានេះ
ដើម្បីយកទៅអនុវត្ត កែលម្អគុណភាពនៅក្នុងមណ្ឌលសុខភាព របស់ខ្លួនបន្ថែមទៀតសំដៅបង្កើនល្បឿន
ឆ្ពោះទៅរកការគ្របដណ្តប់ សុខភាពជាសកល។

សូមបញ្ជាក់ថា សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកវេជ្ជបណ្ឌិត លូ យុនហ្គ័រ តំណាងអង្គការសុខភាព
ពិភពលោកប្រចាំកម្ពុជា។ ក្នុងនោះដែរលោកថ្លែងការកោតសរសើរ ដល់ក្រសួងសុខាភិបាលកម្ពុជា ដែលបានដឹកនាំ
វិស័យមួយនេះមានវឌ្ឍនភាព គួរឲ្យកត់សម្គាល់ដូចជា បានកាត់បន្ថយនូវអត្រាមរណភាពមាតា និងទារក ការលុបបំបាត់
បាននូវជំងឺតេតាណូស ជំងឺកញ្ជិល ជំងឺព្រូនជើងដំរី ជំងឺភ្នែកឡើងបាយ និងជំងឺជាច្រើនទៀត៕