(ភ្នំពេញ)៖ ស្តេចប្រ៊ុយណេ ស៊ុលតង់ ហាជី ហាសសាណាល់ ប៊ុលគីយ៉ាស់ បានសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាចំពោះជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦កន្លងទៅ ក៏ដូចជាការបន្តទទួលបានតំណែងជានាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាទៅទៀត។
ក្នុងព្រះរាជលិខិតអបអរសាទរផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ព្រះមហាក្សត្ររបស់ប្រ៊ុយណេ ដែលជាមិត្តភក្តិដ៏ស្និទ្ធស្នាលរបស់សម្តេចតេជោ ហ៊ុន សែន ដែរនោះ បានគូសបញ្ជាក់ជាមួយការជឿជាក់ថា កម្ពុជានឹងបន្តរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗបន្តទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ។
អង្គព្រះមហាក្សត្ររបស់ប្រជាជាតិប្រ៊ុយណេ បានមានព្រះរាជបន្ទូលបញ្ជាក់យ៉ាងដូច្នេះថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ខ្ញុំមានជំនឿជាក់ថា ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលដ៏ល្អ ក្នុងការលើកកម្ពស់នូវសុខុមាលភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាជនកម្ពុជា។ យើងបានកសាងទំនាក់ទំនងផ្ទាល់ខ្លួន ហើយខ្ញុំសូមសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការចូលរួមចំណែករបស់សម្តេចតេជោ ក្នុងការលើកកម្ពស់មិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងទ្វេភាគីដ៏រាក់ទាក់រវាងប្រទេសយើងទាំងពីរ»។
សូមបញ្ជាក់ថា ប្រទេសប្រ៊ុយណេ គឺជាប្រទេសសមាជិកអាស៊ានទី៦ហើយ បន្ទាប់ពីថៃ ហ្វីលីពីន សិង្ហបុរី វៀតណាម និងឡាវ ដែលបានសម្តែងការអបអរសាទរចំពោះជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងទៅ៕