(ភ្នំពេញ)៖ លោក ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងដោយស្នើឱ្យកម្ពុជាគាំទ្រអង់គ្លេស ដើម្បីសហការគ្រប់ជ្រុងជ្រោយក្នុងនាមជាដៃគូសន្ទនាជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ក្រោយចេញពីសហភាពអឺរ៉ុប។ នេះបើតាមលោក កេត សោផាន់ អ្នកនាំពាក្យស្រួងការបរទេស និងសហប្រតិបតិការអន្តរជាតិ។
លោក Mark Field បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅក្នុងឱកាសលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្តីការក្រសួងការបរទេស។
លោក កេត សោផាន់ បានបញ្ជាក់ថា៖ «ក្នុងពេលជំនួបសម្តែងការគួរសមនៅរសៀលនេះ អង់គ្លេសត្រូវការការគាំទ្រពីកម្ពុជា ដើម្បីគោលដៅនៃភាពជាដៃគូដ៏ស៊ីជម្រៅ និងភាពជ្រុងជ្រោយរបស់អង់គ្លេសជាមួយអាស៊ាន លើបញ្ហាពិគ្រោះយោបល់ក្រោយពីអង់គ្លេស ចេញពីអឺរ៉ុប»។
បើតាមអ្នកនាំពាក្យខាងលើ, ក្នុងជំនួបនេះ លោក Mark Field ក៏បានបន្តថា អង់គ្លេសនឹងមានកម្មវិធីមួយចំនួនដែលនឹងត្រូវសហការ ជាមួយអាស៊ាន ទាំងលើវិស័យសេដ្ឋកិច្ច វិស័យនយោបាយជាពិសេសផ្តោតទៅលើផ្នែកសន្តិសុខ វិស័យការពារជាតិ វិស័យការពារភេរវកម្ម និងការជួញដូរគ្រឿងញៀនជាដើម។ លោកក៏សង្ឃឹមថាអាស៊ាន នឹងចាត់ទុកអង់គ្លេសជាដៃគូមួយគួរឱ្យទុកចិត្តបានផងដែរ។
ទទ្ទឹមនឹងនេះដែរលោក Mark Field ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និងអង់គ្លេស ដោយផ្តោតសំខាន់ទៅ លើទំនាក់ទំនងប្រជាជន និងប្រជាជន ដែលបច្ចុប្បន្ននេះ ប្រជាជនអង់គ្លេសមានចំនួនជាង៥ពាន់នាក់ ដែលបានរស់នៅក្នុងប្រទេសកម្ពុជា ហើយតាមរយៈការអប់រំអង់គ្លេស ក៏មានគម្រោងពង្រីកចំនួននៃការផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសអង់គ្លេស កាន់តែច្រើនថែមទៀត។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍នៃការប្តេជ្ញាចិត្តរបស់អង់គ្លេស ដើម្បីបន្តភាពជាដៃគូជិតស្និទ្ធ ជាមួយនឹងប្រទេសនៅក្នុងតំបន់អាស៊ាន ហើយមានសុទ្ធិដិ្ឋនិយមថា ការចូលជាសមាជិកសន្ទនាពីសំណាក់អង់គ្លេសជាមួយអាស៊ាន គឺនឹងទទួលបានការគាំទ្រពីអាស៊ានផងដែរ។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងដែលថា ថ្មីៗនេះលោកបានស្តាប់ការថ្លែងសន្ទរកថារបស់លោក Mark Field នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីអំពីការប្តេជ្ញាចិត្តរបស់អង់គ្លេស ដើម្បីបន្តរឹតចំណងទាក់ទង ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយអាស៊ាន។ លោកទេសរដ្ឋមន្ត្រី ក៏បានអរគុណដល់អង់គ្លេសដែលបានផ្តល់ការអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសដែលមានការអភិឌ្ឍតិចតួច ដូចជាប្រទេសកម្ពុជា ជាដើម៕