(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យ លោក Mark Field អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុក តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃចក្រភពអង់គ្លេស ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ថ្លែងក្នុងជំនួបនោះលោក Mark Field បានអះអាងថា ចក្រភពអង់គ្លេស នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី ក៏ដូចជា ជាមួយកម្ពុជាផងដែរ បើទោះបីចក្រភពអង់គ្លេសបានបញ្ចេញនូវប្រតិកម្មមួយចំនួន ពាក់ព័ន្ធជាមួយស្ថានភាពមួយចំនួននៅកម្ពុជាក៏ពិតមែន ប៉ុន្ដែអង់គ្លេសបន្ដសំឡឹងមើលទៅអនាគត ដើម្បីរក្សាទំនាក់ទំនងប្រទេសទាំង២បន្ថែមទៀត។ លោក Mark Field បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេស នឹងបន្ដពង្រីងនូវទំនាក់ទំនង និងកិច្ចសហប្រតិបតិ្ដការជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀត។
ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស និងជឿជាក់ថា តាមរយៈដំណើរទស្សនៈកិច្ចរបស់លោក Mark Field ពិតជាពង្រឹងបន្ថែមទៀត ដល់ទំនាក់ទំនងរវាងកម្ពុជា និងចក្រភពអង់គ្លេស។
សម្ដេចក្រឡាហោម ស ខេង ក៏បានអបអរសាទរចំពោះការយកចិត្តទុកដាក់របស់ចក្រភពអង់គ្លេស ក្នុងការពង្រឹងនូវទំនាក់ទំនងប្រទេសទាំង២ ក៏ដូចជាក្នុងប្រទេសនៅតំបន់អាស៊ានទាំងមូល ដែលសម្ដេចសង្ឃឹមថា កម្ពុជា-អង់គ្លេស នឹងបន្ដធ្វើការងារផ្សេងទៀតលើវិស័យជាច្រើនរួមគ្នាផងដែរ។
បន្ថែមពីនេះ អនុរដ្ឋមន្ដ្រីក្រសួងការបរទេសចក្រភពអង់គ្លេស ក៏បានលើកឡើង ពីការអញ្ជើញសម្ដេចក្រឡាហោម ស ខេង ទៅចូលរួមសន្និសីទ ស្ដីពីការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ នៅខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដែលសន្និសីទនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះមិនមែនពាក់ព័ន្ធលើសត្វព្រៃនោះទេ ប៉ុន្ដែបណ្ដាញឧក្រិដ្ឋជន គឺធ្វើសកម្មជនផ្សេងៗ ដូចជាឧក្រិដ្ឋកម្មឆ្លងដែន ការលាងលុយកខ្វក់ជាដើម ដែលមានលក្ខណៈអង្គការចាត់តាំង។
បើតាមលោក Mark Field វត្តមានរបស់កម្ពុជាក្នុងសន្និសីទនោះ គឺជាការចែករំលែកបទពិសោធន៍របស់កម្ពុជាដែលមានកន្លងមក ក៏ដូចជាទទួលយកនូវបទពិសោធន៍ផ្សេងៗពីសកលលោក ដើម្បីធ្វើយ៉ាងណារួមគ្នាប្រឆាំងនូវបទល្មើសជួញដូរសត្វព្រៃ និងបទល្មើសពាក់ព័ន្ធផ្សេងទៀត ដែលកើតចេញពីការជួញដូរសត្វព្រៃនេះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរនូវគំនិតផ្ដួចផ្ដើមនេះ ដែលសម្ដេចចាត់ទុកថា សន្និសីទនេះមិនត្រឹមតែអាចជួយដល់កម្ពុជាក្នុងការអភិរក្ស នូវធនធានសត្វកម្រនោះទេ ប៉ុន្ដែរួមចំណែកដល់ការអភិវឌ្ឍធនធានព្រៃឈើ និងធ្វើឲ្យបរិស្ថានល្អប្រសើរផងដែរ៕