(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំមន្រ្តីនៃក្រសួងសង្គមកិច្ច ចុះចែកបណ្ណសង្គមកិច្ច និងបើកប្រាក់របបគោលនយោបាយ ជូនជនពិការក្រីក្រជាង១៦០០នាក់ នៅតាមសហគមន៍ ក្នុងខេត្តព្រៃវែង នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ។
លោក វង សូត បានលើកឡើងថា ការអនុវត្តរបបគោលនយោបាយ ចំពោះជនពិការក្រីក្រ នៅតាមសហគមន៍នេះពិតជាមាន សារសំខាន់បំផុត ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះរបស់ជនពិការ វិសមភាព និងបង្កើនលទ្ធភាពទទួលបានសេវាជំនួយសង្គម ដូចជាការព្យាបាលដោយឥតគិតថ្លៃ ការអប់រំពិសេស និងការអប់រំ បញ្ចូលគ្នា សម្រាប់ជនពិការ បង្កើនមុខរបរ និងការងារធ្វើ ការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសេវាសាធារណៈ ជាច្រើនទៀត ជូនបងប្អូនជនពិការគ្រប់ប្រភេទ និងគ្រប់កម្រិតរបស់យើង។
ជាមួយគ្នានោះ រដ្ឋមន្រ្តី វង សូត បានលើកឡើងថា ក្រសួងសង្គមកិច្ច បានកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានានា ជូនជនពិការប្រកបដោយប្រសិទ្ធភាព ជំរុញឲ្យសង្គមមួយដែលគ្មានឧបសគ្គ សម្រាប់ជនពិការ ហើយជនពិការអាចរស់នៅប្រកបដោយភាពស្មើមុខ ស្មើមាត់ ក្នុងសង្គមដោយគ្មានការរើសអើង ដូចជាប្រជាពលរដ្ឋទូទៅដែរ។
លោក វង សូត ក៏បានផ្តល់អនុសាសន៍ចំនួន៥ចំណុច ក្នុងការអនុវត្តរបបគោលនយោបាយចំនួនជនពិការក្រីក្រ តាមសហគមន៍ ដូចខាងក្រោមនេះ៖
១៖ បន្តសហការជាមួយនេងគណៈកម្មកាគ្រប់គ្រងបបគោលនយោបាយ ចំពោះជនពិការនៃខេត្តគោលដៅ ក្នុងការពន្លឿនការប្រកាស ទទួលស្គាល់ជនពិការនៅតាមសហគមន៍ខេត្តគោលដៅទាំង៥
២៖ បន្តបើកសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលដល់គណៈកម្មាការគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការ សាកល្បងខេត្តដទៃទៀត ជាពិសេសខេត្តដែលស្នើសុំអនុវត្តការងារ ដើម្បីឲ្យជនពិការក្រីក្រ រស់នៅខេត្តទាំងនោះ ទទួលបានរបបពីបងប្អូន នៅទីនោះ។
៣៖ ស្នើនាយកដ្ឋានសុខុមាលភាពជនពិការ ពិភាក្សាជាមួយក្រសួងសង្គមកិច្ច និងហិរញ្ញាវត្ថុ និងគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុនានា ក្នុងការពិនិត្យលទ្ធផលបើកគណនីយ លើរបបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍ ក្នុងការរៀបចំកិច្ចព្រមព្រៀងរវាងក្រសួងសង្គមកិច្ច ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ ដើម្បីធានាតម្លាភាព និងគណនេយ្យភាព។
៤៖ បន្តសហការជាមួយក្រសួងផែនការ លើការបន្ស៊ីផែនការសកម្មភាព ក្នុងការកំណត់អត្តសញ្ញាណជនពិការក្រីក្រនៅសហគមន៍
៥៖ បន្តសហការជាមួយក្រសួងសុខាភិបាល លើការកំណត់លក្ខណៈវិនិច្ឆ័យប្រភេទ និងកម្រិតពិការភាព ជូនដល់ជនពិការ ដែលត្រូវបញ្ជាក់ ដើម្បីទទួលបានផលប្រយោជន៍ និងសេវានានារបស់រាជរដ្ឋាភិបាល។
លោក តូច ចាន់នី អគ្គនាយកបច្ចេកទេសនៃក្រសួងសង្គមកិច្ច បានលើកឡើងថា ពិធីផ្តល់បណ្ណសង្គមកិច្ចនិងបើកប្រាក់ឧបត្តម្ភរបបនយោបាយ ចំពោះជនពិការក្រីក្រសម្រាប់ខេត្តព្រែវែង ដែលរៀបចំឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានាពេលនេះ បានសហការជាមួយរដ្ឋបាលខេត្តព្រៃវែង។
ពិធីនេះ រៀបចំឡើង ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួងស្ថាប័នជាតិ អន្តរជាតិ និងរដ្ឋបាលខេត្តព្រៃវែង និងបងប្អូនជនពិការ សរុបប្រមាណ ៥០០នាក់។
លោក តូច ចាន់នី បានបន្ថែមថា ពិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់បណ្ណសង្គមកិច្ច និងបើកប្រាក់ឧបត្តម្ភរបបនយោបាយចំពោះជនពិការក្រីក្រសម្រាប់ខេត្តព្រែវែង ពិសេសជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយនិងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះរបស់ជនពិការ ព្រមទាំងជាផ្នែកមួយនៃក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។
សម្រាប់ឆ្នាំ២០១៨នេះ ក្រសួងសង្គមកិច្ច ទទួលបានរបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ចំនួន៦៦៥៧នាក់ នៅខេត្តត្បួងឃ្មុំ ជនពិការសរុបចំនួន១៩៤៩នាក់ ខេត្តព្រៃវែង ជនពិការសរុបចំនួន១៤៤៩នាក់ ខេត្តស្វាយរៀង ជនពិការសរុបចំនួន១៣១៤នាក់ ខេត្តប៉ៃលិន ជនពិការសរុបចំនួន១៣១២នាក់ ខេត្តកំពង់ចាមជនពិការសរុប៦៣៣នាក់ ព្រមទាំងបានផលិតបណ្ណសង្គមកិច្ចរួចរាល់ បានផ្ទេរសាច់ប្រាក់ នៅខេត្តប៉ៃលិន ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងបានរៀបចំពិធីចែកនាពេលកន្លងមក និងចែកដោយឡែកនៅខេត្តព្រៃវែង នាថ្ងៃនេះជាដើម៕