(ភ្នំពេញ)៖ នាឱកាសពិធីសំណេះសំណាលជាមួយមន្ត្រីរាជការដែលបានបញ្ចប់ កំពុង និងបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន២៣រូប នាថ្ងៃទី២២ ខែសីហានេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ចំពោះមន្ត្រីរាជការរបស់ក្រសួងការងារ ដែលទទួលបានឱកាសទៅសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសចិន។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «វាជាស្មារតីមួយក្នុងការទទួលខុសត្រូវ រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះមន្ត្រីរបស់យើងដែលបានវិលត្រឡប់មកបំពេញការងារ ទទួលបានទាំងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ នេះជាធនធានមនុស្សថ្មីមួយទៀត ដែលបានចាក់បញ្ចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធការងារ របស់ក្រសួងការងារ»។
លោករដ្ឋមន្ត្រីបានរំឭកឡើងវិញពីស្ថានភាពកម្ពុជានៅអំឡុងទសវត្សរ៍៧០ ដេលនៅសម័យនោះមានសង្គ្រាម សាលាមួយចំនួនត្រូវបានរំខានដោយសង្គ្រាម យុវជនត្រូវគេចាប់ឱ្យចូលធ្វើសង្គ្រាម គ្មានសាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានបំផ្លាញ។
ឆ្នាំ១៩៧៩ ទើបតែបានចាប់ផ្តើមស្តារឡើងវិញ ទាំងនៅក្នុងក្រសួងស្ថាប័ននីមួយៗ ក៏ចាប់ផ្តើមឱ្យមានការបណ្តុះបណ្តាល តាំងពីសម័យរដ្ឋកម្ពុជាមកដល់ឥលូវបានបង្កើតធនធានមនុស្សដ៏ល្អមួយ ទន្ទឹមនឹងការបណ្តុះបណ្តាលក្នុងស្រុក ក៏បានបញ្ចូនទៅក្រៅប្រទេសដែរ បញ្ញាវ័ន្តមួយចំនួនកំពុងកាន់កាប់ស្ថាប័នធំៗ ដូច្នេះឱកាសនៃការបណ្តុះបណ្តាល ទើបតែក្រោយថ្ងៃរំដោះ៧មករាមកទេ តែក៏មិនសូវសម្បូរបែបដែរ។
មកដល់សម័យនេះ ការអភិវឌ្ឍធនធនមនុស្ស និងការបណ្តុះបណ្តាលនេះឃើញថា មន្ត្រីរាជការ សិស្ស និស្សិតពិតជាមានឱកាសច្រើន ដូច្នេះឱកាសសម្រាប់យុវជន-យុវនារី នាសម័យតេជោពិតជាមានច្រើនជាងសម័យមុនៗ។ នៅពេលដែលឱកាសហុចឱ្យយ៉ាងដូច្នេះ យុវជនងអស់គ្នាត្រូវខិតខំចាប់យកឱកាសនេះឱ្យបានល្អ ជាពិសេសមន្ត្រីរាជការដែលត្រូវទៅរៀននៅប្រទេសចិន ជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់លេខ២។
លោកលើកឡើងថា ចិនបានចាប់ផ្តើមពីធនធានមនុស្សរបស់គេ ទាំងចំណេះដឹង ចំណេះធ្វើ ជាពិសេសប្រព័ន្ធអប់រំរបស់ចិន ដែលគេកំពុងកសាងសព្វថ្ងៃនេះជាការវិនិយោគដ៏ពេញទំហឹង សាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថានបានបង្កើតឡើងស្ទើរគ្រប់ទីកន្លែង ជាគ្រឹះស្ថានធនធានមនុស្សដែលមានគុណភាព ហើយវិវឌ្ឍទាន់ទៅនឹងបច្ចេកវិទ្យារបស់ពិភពលោក និងឈានទៅរករបកគំហើញថ្មីៗដែលពិភពលោកមិនទាន់រកឃើញ នេះជានយោបាយដែលចិនបានធ្វើនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទំនាក់ទំនងរវាងកម្ពុជា-ចិន ជាទំនាក់ទំនងដ៏យូរអង្វែង និងជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកគោលនយោបាយនេះ ហើយគោលនយោបាយនេះក៏បានកំណត់នូវសន្តិភាព សាមគ្គីភាព ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការ ត្រូវខិតខំរៀនសូត្រទាំងចំណេះដឹង និងបទពិសោធន៍ ជាពិសេសភាសាចិន។ សាមគ្គីភាពរវាងគ្នានឹងគ្នា និងរក្សាគុណតម្លៃជាប្រជាជនខ្មែរដែលល្អ។ ផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងអរិយធម៌ខ្មែរទៅកាន់មិត្តភក្តិបរទេស និងទាក់ទាញមិត្តភក្តិបរទេសឱ្យមកទស្សនាកម្ពុជា និងវិនិយោគនៅកម្ពុជា។ ទំនាក់ទំនងសុំអាហារូបករណ៍របស់សាលាផ្ទាល់ សម្រាប់និស្សិតកម្ពុជាផ្សេងៗទៀត មានឱកាសបានទៅសិក្សានៅប្រទេសចិន។ ទំនាក់ទំនង និងជំរុញឱ្យសាកលវិទ្យាល័យនៅប្រទេសចិន មកចុះ MoU ជាមួយក្រសួង និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចកទេស និងវិជ្ជាជីវៈ។ គោរពវិន័យរបស់សាលា និងច្បាប់របស់ប្រទេសចិន។
លោករដ្ឋមន្ត្រីបានឧបត្ថម្ភថវិកាចំនួន១លានរៀលក្នុងម្នាក់ ដល់មន្ត្រីរាជការដែលទៅបន្តការសិក្សា (ឆ្នាំថ្មី) ចំនួន៨នាក់ និងចំនួន៥០ម៉ឺនរៀលក្នុងម្នាក់ ដល់មន្ត្រីរាជការដែលកំពុងសិក្សា ហើយវិលត្រឡប់មកលេងប្រទេសកំឡុងពេលវិស្សមកាលចំនួន៤នាក់៕