(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ភូមិ​បានចុះថ្លែងអំណរគុ ​ប្រជាពលរដ្ឋក្នុងសង្កាត់ពងទឹក ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ព្រមទាំងសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការ សំណើ សំណូមពររបស់ប្រជាពលរដ្ឋ​ដើម្បីយកមកដោះស្រាយឲ្យបានទាន់ពេលវេលា។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើ​ការសាកសួរសុខទុក្ខ​ប្រជាពលរដ្ឋ ពីសំណាកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហាកង្វល់ និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន​។

បន្ថែមពីនេះ លោក នុត ពុធដារ៉ា បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​កន្លងទៅ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី និងបន្តដឹកនាំប្រទេសជាតិ រីកចម្រើនបន្តទៀត។

បើតាមលោកអភិបាលខណ្ឌ ពលរដ្ឋបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ឲ្យបានទទួលជោគជ័យគួរជាទីមោទនៈនេះ បានបង្ហាញយ៉ាងច្បាស់ថា បងប្អូនត្រូវការសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ត្រូវការសន្តិភាព និងការអភិវឌ្ឍបន្តទៀត។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូល បានបន្តស្រលាញ់គាំទ្រ គណបក្សប្រជាជនកម្ពុជា និងគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដែលពុំធ្លាប់មាន ដោយសម្លេងគាំទ្ររហូតដល់​៧១,២១% ប្រៀបជាមួយចំនួនអ្នកបោះឆ្នោតសរុប៕