(ភ្នំពេញ)៖ ឧបការីអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (អ.ស.ប) លោក Haoliang Xu និងជានាយកប្រចាំតំបន់អាសុី-ប៉ាសុីហ្វិក នៃកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) បានបញ្ជាក់ថា អ.ស.ប នឹងត្រៀមខ្លួនធ្វើជាដៃគូជាដៃគូក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងអាណត្តិថ្មីនេះ។ នេះបើតាមលោក កេត សោផាន់ អ្នកនាំពាក្យស្រួងការបរទេស និងសហប្រតិបតិការអន្តរជាតិ។
លោក Haoliang Xu បានថ្លែងបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានជួបសម្តែងការគយរសម និងពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្តីការក្រសួងការបរទេស។
លោក កេត សោផាន់ បានបញ្ជាក់ថា «ក្នុងពេលជំនួបសម្តែងការគួរសមនៅព្រឹកនេះ ជាការកត់សម្គាល់ UNDP គឺត្រៀមខ្លួនធ្វើជាដៃគូក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល»។
បើតាមអ្នកនាំពាក្យខាងលើ, ក្នុងជំនួបនេះ លោក Haoliang Xu បានថ្លែងកោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសលើការកាត់បន្ថយភាពក្រីក្ររហូតដល់៥០ភាគរយ។ ប៉ុន្តែទោះជាយ៉ាងណា លោកថា កម្ពុជាត្រូវតែអភិវឌ្ឍប្រកបដោយចីរភាព ហើយកាត់បន្ថយនូវការប៉ះពាល់ផ្សេងៗ ដែលកើតចេញពីសកម្មភាព នៃការអភិវឌ្ឍនេះ។
អ្នកពាក្យរូបនេះ បានបន្តថា UNDP មិនមែនជាអង្គការនយោបាយទេ គឺជាអង្គការផ្តល់នូវចំណេះដឹង ជំនាញបច្ចេកទេស ដើម្បីជួយដល់បណ្តាប្រទេសទាំងអស់ជាពិសេស គឺបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕