(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង១រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ស្ថានភាពជំនន់ទឹកនៅស្ទឹងព្រែកត្នោត បានធូរស្រាលទាំងស្រុងហើយ មិនមានអ្វីដែលជាការគំរាមកំហែងដល់ ប្រជាពលរដ្ឋនៅខណ្ឌដង្កោ រាជធានីភ្នំពេញទៀតនោះទេ។
សម្រាប់ស្ថានភាពធូរស្រាលបែបនេះ ត្រូវបានលោក ចាន់ យុត្ថា ឲ្យដឹងថា ក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នៅតែបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ជានិច្ច ព្រោះខ្លាចក្រែងជំនន់ទឹកនេះជន់ឡើងវិញ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពីម៉ោង១១ មកដល់ម៉ោង១រសៀលនេះ ទឹកនៅចំណុចទ្វារទឹក៧មករា បានស្រកចុះចំនួន២សម មានន័យថា វាមានសញ្ញាណក្នុងការធូរស្រាលហើយ ប៉ុន្តែយើងមិនទាន់អាចបោះបង់ការប្រុងប្រយ័ត្នបាននៅឡើយទេ ជារួមស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវការពេលវេលាប្រមាណ១២ម៉ោងទៀត ទើបបានធូរស្រាល»។
សូមជម្រាបថា នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ជំនន់ទឹកស្ទឹងព្រែកត្នោត បានគំរាមកំហែងកាន់តែខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយលោករដ្ឋមន្ដ្រី លឹម គានហោ បានដឹកនាំមន្ដ្រីជំនាញចុះទៅពិនិត្យផ្ទាល់ និងដាក់ចេញនូវវិធានការភា្លមៗ ឲ្យក្រុមការងារដាក់ពង្រាយ នៅតាមទំនបសណ្ដរ ដើម្បីគ្រប់គ្រងមួយយប់ទល់ភ្លឺ មិនឲ្យសម្រាកឡើយ៕