(ភ្នំពេញ)៖ មកទល់ពេលនេះក្រុមហ៊ុន ជីប ម៉ុង រីថេល ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង បាន​បង្ហាញពីសក្ដានុពលរបស់ខ្លួន ក្នុងការប្រតិបតិ្តការលើទីផ្សារកម្ពុជា ដោយក្នុងនោះក្រុមហ៊ុន ជីប ម៉ុង បានសាងសងផ្សារទំនើបចំនួន២ និងដំណើរការផ្សារទំនើបខ្នាតកណ្តាលមួយកន្លែង ដែលសុទ្ធស្ថិតនៅតំបន់ដែលមានសក្តានុពលខ្ពស់ សម្រាប់ពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ។

កន្លងទៅក្រុមហ៊ុន ជីប ម៉ុង រីថេល បានចាប់ផ្តើមសាងសង់ អគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ដែលមានទីតាំងស្ថិតនៅលើផ្លូវ១៦៩ កែងផ្លូវ១៦៤ ក្បែរវិទ្យាល័យបាក់ទូក។ ក្នុងអគារពាណិជ្ជកម្មដ៏ប្រណិតនេះ មានទៅដោយផ្សារទំនើប អគារការិយាល័យសម្រាប់ជួល ភោជនីយដ្ឋាន ហាងកាហ្វេ ធនាគារជាដើម។

ជីប ម៉ុង រីថេល ក៏បានចាប់ផ្តើមសាងសង់ផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ ដែលត្រូវបានចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ ផ្សារទំនើប ជីប ម៉ុង សែនសុខនឹងផ្តល់ទីតាំងដ៏ប្រណិត សម្រាប់បើកហាងលក់គ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាង កន្លែងញ៉ាំអាហារ និងភេសជ្ជៈផ្សេងៗ កន្លែងកុមារលេងកម្សាន្ត ហាងលក់សម្លៀកបំពាក់ទូទៅ និងសម្លៀកបំពាក់កីឡាម៉ាកល្បីៗ ក្លឹបហាត់ប្រាណ ជាពិសេសរោងភាពយន្ត ដ៏ទំនើបទាន់សម័យផងដែរ។

ថ្មីៗនេះ ជីប ម៉ុង រីថេល ក៏បានបើកដំណើរការផ្សារទំនើប ជីប ម៉ុង មុន្នីវង្ស ដែលជាផ្សារទំនើបខ្នាតកណ្តាលដំបូងបំផុតរបស់ក្រុមហ៊ុន មានលក់ផលិតផលក្នុងស្រុក និងនាំចូលពីបរទេស ដែលមានគុណភាពខ្ពស់គ្រប់មុខ។

ក្រុមហ៊ុន ជីប ម៉ុង ក៏នឹងបើកការដ្ឋានសាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉ល ជាផ្សារទំនើបខ្នាតធំដ៏ប្រណិតមួយ នាពេលខាងមុខឆាប់ៗនេះ។ ការវិនិយោគផ្សារទំនើបខ្នាតធំនេះ នឹងផ្ដល់ឱកាសការងារយ៉ាងច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា៕