(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការងារបង្ការ និងពន្លត់អគ្គិភ័យ គឺជាករណីកិច្ចរបស់គ្រប់ក្រសួង ស្ថាប័ន អង្គភាព អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងជនគ្រប់ៗរូប ដែលទាំងអស់គ្នាចាំបាច់ត្រូវមានស្មារតីប្រុងប្រយ័ត្ន កុំឲ្យកើតមានអគ្គិភ័យ និងត្រូវចូលរួមជួយគ្នាពន្លត់ នៅពេលមានអគ្គិភ័យកើតឡើង តាមទិសស្លោក «យើងរួមគ្នាបង្ការ និងពន្លត់អគ្គិភ័យ»។
ការថ្លែងបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញប្រគល់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត ដែលរថយន្តទាំងនោះ ផ្គត់ផ្គង់ដោយក្រុមហ៊ុន ខេ អិន អិន(ខេមបូឌា)។
ទន្ទឹមនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានជំរុញអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវបង្កើនវិធានការអប់រំណែនាំ ដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មចូលរួមក្នុងចលនាបង្ការ និងពន្លត់អគ្គិភ័យនៅមូលដ្ឋាន ពិសេសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះដើមចមដែលអាចបង្កឲ្យកើតមានអគ្គិភ័យ។
បន្ថែមពីនេះ សម្ដេច ស ខេង បានណែនាំគ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងផ្នែកឯកជនត្រូវរៀបចំឲ្យមានក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច ដោយមានបំពាក់ឧបករណ៍ សម្ភារចាំបាច់មួយចំនួនសម្រាប់បង្ការ និងពន្លត់អគ្គិភ័យ ដូចជា៖ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធទឹក ដីខ្សាច់ ញញួរ ត្រសេះ ឧបករណ៍ផ្ដល់សញ្ញា ផ្លាកបង្ហាញច្រកចេញ ផ្លូវសង្គ្រោះ រថយន្ដសង្គ្រោះ រថយន្ដពន្លត់អគ្គិភ័យជាដើម ទៅតាមស្ថានភាពជាក់ស្ដែង និងត្រួវសហការជាមួយ នគរបាលបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីណែនាំហ្វឹកហ្វឺនអំពីវិធីពន្លត់អគ្គិភ័យបឋម។
សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើតក្រុមការងារចម្រុះ ដើម្បីចុះត្រួតពិនិត្យតាមរោងចក្រ សហគ្រាស សិប្បកម្ម គ្រឹះស្ថានសាធារណៈ និងសំណងធំៗ ដើម្បីជំរុញឲ្យបំពាក់បានគ្រប់គ្រាន់ នូវប្រព័ន្ធសុវត្ថិភាព បង្ការ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។
ដោយឡែក ចំពោះអង្គភាពនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងស្ថានីយរថយន្ដពន្លត់អគ្គិភ័យ ត្រូវមានកម្លាំងប្រចាំការ២៤/២៤ម៉ោង និងត្រូវត្រៀមជាស្រេចនូវរថយន្ដ និងឧបករណ៍ សម្ភារ ដើម្បីចេញអន្ដរាគមន៍ពន្លត់អគ្គិភ័យបានទាន់ពេលវេលា ហើយត្រូវផ្សព្វផ្សាយជាសាធារណនូវលេខទូរស័ព្ទប្រចាំការ ដើម្បីប្រជាពលរដ្ឋបានដឹង និងហៅរកពេលមានគ្រោះអគ្គិភ័យកើតឡើង។
ឆ្លើយតបនឹងការណែនាំឲ្យពង្រឹងកម្លាំងនគរបាលជំនាញផ្នែកអគ្គិភ័យរបស់សម្ដេចក្រឡាហោម ស ខេង, ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលទទួលបានរថយន្ដពន្លត់អគ្គិភ័យថ្មី ចំនួន២គ្រឿងដែរនោះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា កន្លងទៅលោកចាត់មន្ដ្រីជំនាញ ទៅសិក្សាវគ្គបំប៉នទាំងក្នុង និងក្រៅប្រទេសដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត។
បើតាមលោកឧត្តមសេនីយ៍ស្នងការ វគ្គបំប៉ននោះគឺពាក់ព័ន្ធជាមួយការបើកបររថយន្ដពន្លត់អគ្គិភ័យ ការប្រើប្រាស់ឧបករណ៍បាញ់ទឹក ការពន្លត់អគ្គិភ័យ។ ជាក់ស្ដែងនៅឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលខេត្ត នឹងបន្ដបណ្ដុះបណ្ដាលបន្ថែមទៀត នៅតាមគ្រប់ស្រុក ក្រុង ដែលមានការពាក់ព័ន្ធដែលជំនាញ បានពង្រាយមធ្យោបាយពន្លត់អគ្គិភ័យនេះផងដែរ៕