(កំពង់ចាម)៖ លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បានថ្លែងឲ្យដឹងថា ប្រជាជនវ័យចាស់នៅក្នុងប្រទេសកម្ពុជា នឹងកើនដល់៩,៣ភាគរយ នៅឆ្នាំ២០២៣ ហើយការកើននេះនឹងឈានដល់១១,៥ភាគរយ នៅឆ្នាំ២០៣០ ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតិភាពបើកសិក្ខាសាលាផ្សព្វផ្សាយ ការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា «ប្រជាជនវ័យចាស់នៅកម្ពុជា» នាសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម។
កម្មវិធីនេះ ក៏មានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម លោកប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ថ្នាក់ដឹកនាំក្រសួងផែនការ មន្ត្រីមន្ទីរផែនការមកពីបណ្តារាជធានីខេត្តចំនួន០៧ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ តំណាងមន្ត្រីមន្ទីរជំនាញជុំវិញខេត្ត តំណាងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើប្រតិបត្តិការក្នុងខេត្តកំពង់ចាម ចូលរួមប្រមាណ១៥០នាក់ផងដែរ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដំណើរឆ្ពោះទៅរកប្រជាជនវ័យចាស់ ជាបាតុភូតប្រជាសាស្ត្រមួយ ដែលប្រទេសអភិវឌ្ឍន៍លើពិភពលោកបានឆ្លងកាត់ និងដែលប្រទេស កំពុងអភិវឌ្ឍន៍ជាច្រើនចាប់ផ្តើមជួប រួមទាំងកម្ពុជាផង។ ដំណើរឆ្ពោះទៅរកប្រជាជនវ័យចាស់ គឺជាការប្រែប្រួលប្រជាសាស្ត្រនាចុងអន្តរកាលប្រជាសាស្ត្រ ដែលសមាមាត្រប្រជាជនវ័យចាស់ អាយុ៦០ឆ្នាំឡើងកើនឡើងយ៉ាងលឿន នៅពេលដែលប្រជាជន ក្នុងវ័យកំពុងធ្វើការងារបច្ចុប្បន្នចាប់ផ្តើមចូលនិវត្តន៍ គួបផ្សំនឹងការមានកូនតិច និងការកើនឡើង នៃអាយុកាលសង្ឃឹរស់។ ជាក់ស្តែង ប្រជាជនវ័យចាស់នៅកម្ពុជា មានចំនួន៥ភាគរយនៅឆ្នាំ១៩៩៨, ៦ភាគរយនៅឆ្នាំ២០០៨, ៧,៦ភាគរយនៅឆ្នាំ២០១៨ និងឈានទៅ ៩,៣ភាគរយនៅឆ្នាំ២០២៣ និងឆ្នាំ២០៣០ មាន១១,៥ ភាគរយ»។
លោករដ្ឋមន្ត្រី ឆាយ ថន បានបន្តទៀតថា បាតុភូតនេះ មិនត្រឹមតែជះឥទ្ធិពលទៅលើមនុស្សវ័យចាស់ខ្លួនឯងទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលទៅលើគ្រប់វិស័យទាំងអស់ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទាំងមូល ដោយហេតុថាវ័យចាស់ ជាវ័យដែលភាពសកម្មសេដ្ឋកិច្ចចាប់ផ្តើមថយចុះឆ្ពោះទៅរកចំណុចអប្បបរមា ស្របពេលដែលតម្រូវការការផ្គត់ផ្គង់ និងការថែទាំចាប់ផ្តើមកើនឡើងឆ្ពោះទៅរកចំណុចអតិបរមា។ ការឈានចូលវ័យចាស់ប្រកបដោយសក្តានុពល គឺជាភាគលាភប្រជាសាស្ត្រទី២ ដែលក្នុងស្ថានភាពនោះ មនុស្សចាស់ជាធនធានបង្គោលជាជាងបន្ទុក។
បើតាមលោករដ្ឋមន្ត្រីក្រសួងផែនការរូបនេះ មូលហេតុនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០ ដោយឈរលើមូលដ្ឋានចំនួនមួយនៃ គោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយសំដៅត្រៀម និងរៀបចំដោះស្រាយបញ្ហាដែលកំពុង និងដែលនឹងកើតមាន និងផ្តល់ការតម្រង់ទិសដល់វ័យសកម្មការងារអំពីដំណើរឈានទៅរកវ័យចាស់ប្រកបដោយសក្តានុពលនៅកម្ពុជា៕