(ភ្នំពេញ)៖ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ប្រធាននាយកដ្ឋានថ្មីចំនួន៥រូប និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន១៧រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ប្រធាននាយកដ្ឋានថ្មីចំនួន៥រូបនោះ រួមមាន៖ ទី១៖លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ត្រូវបានតែងតាំងជា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្ដិធម៌, ទី២៖លោកឧត្តមសេនីយ៍ទោ ង៉េង ជួ ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ទី៣៖លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល, ទី៤៖លោកឧត្តមសេនីយ៍ត្រី ស៊ា មុយឡុង ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអក្សរសម្ងាត់ និងទី៥៖ លោកឧត្តមសេនីយ៍ត្រី ហេង ចាន់ធារី ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។
ជាមួយគ្នានេះ ក៏មានការបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលចំនួន១៧រូបផងដែរ ដោយក្នុងនោះ ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន១៥រូប និងថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន២រូប។
ថ្លែងក្នុងឱកាសនោះ លោក ចាន់ អ៊ាន ក៏បានផ្ដាំផ្ញើដល់នាយនគរបាលដែលត្រូវបានចូលកាន់តំណែងថ្មី ចាប់ពីថ្ងៃនេះតទៅ ត្រូវតែបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមឡើយ គឺត្រូវធ្វើការងាររួមគ្នាជូនប្រជាពលរដ្ឋ ឲ្យស្របតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។
បន្ថែមពីនេះ អនុរដ្ឋលេខាធិការរូបនេះ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងនគរបាលទាំងអស់ ដែលបានចូលរួមថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណៈឲ្យបានល្អប្រសើរ ស្ងប់សាត់ មានតម្លាភាព យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨កន្លងទៅនេះ៕