(កំពង់ធំ)៖ តែទឹកឃ្មុំ និងម្សៅស៊ុបម៉ាករ៉តឌី ខូចគុណភាព ដែលក្រុមអាជីវករយកដាក់លក់ នៅផ្សារតាំងក្រសាំង ធ្វើឲ្យប៉ះពាល់សុខភាពនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុត កម្ទេចចោល។
ការរកឃើញតែទឹកឃ្មុំ និងម្សៅស៊ុបម៉ាករ៉តឌីទាំងនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ពេលមន្រ្តីសាខាកាំកុងត្រូលសហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារតាំងក្រសាំង ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាព ដូចជា តែទឹកឃ្មុំ ម៉ាកHonly ចំណុះ ៤០០ml ចំនួន១១ដប ផលិតនៅប្រទេសកម្ពុជា និងម្សៅស៊ុប ម៉ាករ៉តឌីចំនួន១៥កញ្ចប់ ផលិតនៅប្រទេសកម្ពុជា។ ក្រុមការងារបានធ្វើតេស្តលើនំចាំង ដើម្បីរកសារធាតុបូរ៉ាក់ តែជាលទ្ធផលមិនមានសារធាតុ បូរ៉ាក់ នៅក្នុងនំនោះឡើយ។
ជាមួយគ្នានោះ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាពPoster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ ចូលក្នុងម្ហូបអាហារ។
ទន្ទឹមនឹងនេះ ក្រុមការងារបានណែនាំដល់អាជីវករ ឲ្យចៀសវៀងពីការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព៕