(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកការដ្ឋានធ្វើផ្លូវកៅស៊ូ១ខ្សែប្រវែង៦,៧០០ម៉ែត្រ នៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ នៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ ខេត្ត ស្រុកសង្កែ និងប្រជាពលរដ្ឋមកពីភូមិទាំង៣ក្នុងឃុំចូលរួមផងដែរ។
បន្ទាប់ពីស្តាប់អំណានរបាយការណ៍ស្វាគមន៍របស់លោកមេឃុំអូរដំបង១ ដោយបានបញ្ជាក់ពីការអភិវឌ្ឍ ភូមិឃុំលើគ្រប់វិស័យជាច្រើនពិសេស ផ្លូវថ្នល់ប្រឡាយទឹកខ្វាត់ខ្វែងនៅមូលដ្ឋានកន្លងមកនោះ លោក ងួន រតនៈ បានថ្លែងសំណេះសំណាលក្នុងពិធីនេះថា នេះជាលើកទី១ហើយ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ ដែលអាជ្ញាធរខេត្តបានបើកការដ្ឋានធ្វើផ្លូវប្រភេទ DBSTក្រាលកៅស៊ូ១ខ្សែ មានប្រវែង៦,៧០០ម៉ែត្រ មានទទឹងកៅស៊ូ៥ម៉ែត្រ និងមានចិញ្ចើម១ម៉ែត្រ សងខាផ្លូវអមដោយប្រឡាយផង ហើយផ្លូវនេះចាប់ផ្លូវរថភ្លើងបានឆ្លងកាត់ភូមិចំនួន៣ គឺភូមិបោះពោធិ៍ ភូមិអូរខ្ជាយ និងភូមិអូរស្រឡៅ ដោយភ្ជាប់ជាមួយផ្លូវធំអាស៊ាន (ផ្លូវរបៀងអាស៊ាន ពីប្រទេសវៀតណាម ដល់ក្រុងបាំងកកប្រទេសថៃ) ក្នុងស្រុកសង្កែ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវដែលបើកការដ្ឋាននាពេលនេះ គឺដំបូងជាផ្លូវដីធ្វើដោយដៃប្រជាពលរដ្ឋក្នុងជំនាន់ ប៉ុល ពត ក្រោយមកក៏បានក្រាលគ្រួសក្រហម ហើយត្រូវបានកែប្រែ ទៅជាផ្លូវកៅស៊ូវិញ ដោយបានចំណាយថវិកាអភិវឌ្ឍន៍ខេត្តឆ្នាំ២០១៨ ដើម្បីបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនថែមទៀត ដោយគ្មានរបប ឬរាជរដ្ឋាភិបាលណាល្អជាងនេះទៀតទេ ដែលមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ តែងតែនៅតាមបម្រើ និងដឹងសុខទុក្ខប្រជាពលរដ្ឋ ទៅតាមសំណូមពរដើម្បីធ្វើប្រជាពលរដ្ឋមានសេចក្តីសុខសប្បាយតទៅមុខទៀត។
លោកបានក្រើនរំលឹកអំពីការបោះឆ្នោតកន្លងមកថា មានក្រុមបំពុលព័ត៌មានមួយចំនួនថា ការបោះឆ្នោតថ្នាក់ជាតិនេះមិនត្រឹមត្រូវទេ ចង់សួរថា តើកម្ពុជាមានលទ្ធិប្រជាធិបតេយ្យហើយឬនៅ ? គឺមានតែប្រជាពលរដ្ឋទេដែលដឹងច្បាស់ ដែលជាអ្នកឆ្លើយ នៅពេលបោះឆ្នោតនោះមានអ្នកណាបង្ខំទេ មានអ្នកទៅចាប់ដៃឲ្យគូសលើសន្លឹកឆ្នោតបក្សណាទេ ហេតុអីថាគ្មានលទ្ធិប្រជាធិបតេយ្យ ! ការបោះឆ្នោតនៅកម្ពុជាមានជាង១០ដងហើយ មានបោះឆ្នោតឃុំ សង្កាត់ និងថ្នាក់ជាតិបាន៦អាណត្តិមកហើយ តើវាក្លែងក្លាយមែនទេ មានតែបងប្អូនជាអ្នកឆ្លើយខ្លួនឯងនៅផ្ទះទៅឃើញហើយ។
លោកក៏បានបញ្ជាក់ទៀតថា យើងគួរតែគិតពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋវិញ ដើម្បីកាត់បន្ថយភាពក្រីល្អជាង តែឥឡូវគេឈប់ប្រើពាក្យកាត់បន្ថយភាពក្រីក្រទៀតហើយ គឺដល់ដំណាក់កាលគេប្រើពាក្យបញ្ចប់ភាពក្រីក្រវិញហើយ។ បន្ទាប់ពីបានសំណេះសំណាលចប់គណអធិបតីបានឡើងបញ្ជាគ្រឿងចក្របើកការដ្ឋានជានិមិត្តរូប រួចបន្តទៅមើលស្ថានភាពផ្លូវមួយចំនួននៅកន្លែងផ្សេងទៀតផងដែរ៕