(ព្រៃវែង)៖ លោក វង សូត ប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ ប្រជាពលរដ្ឋ៦៣៩គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ ក្នុងឆ្នាំ២០១៨ ស្ថិតនៅវិទ្យាល័យព្រៃដើមថ្លឹង ភូមិព្រៃដើមថ្លឹង ឃុំព្រៃដើមថ្លឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
នៅក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយនេះ លោក វង សូត ក៏បានសម្តែងការសោកស្តាយជាខ្លាំងនូវផលប៉ះពាល់ទាំងឡាយ ដែលបង្កឡើងគ្រោះធម្មជាតិទឹកជំនន់ មកលើបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ តែអ្វីដែលបងប្អូនត្រូវអនុវត្តបន្តនោះ គឺអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត បរិស្ថានស្អាត ត្រូវគេងនៅក្នុងមុង កុំឲ្យមានជំងឺគ្រុនឈាម និងជំងឺផ្សេងៗទៀតឆ្លងដោយសារមូស ទាំងម្ដាយឪពុក និងកូនៗ។ ហើយថ្ងៃនេះយើងក៏បាននាំមកនូវថ្នាំក្លរ៉ាមីន ដែលជាថ្នាំសម្លាប់មេរោគ ដើម្បីលាយជាមួយទឹក សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋយើងផងដែរ។
ជាមួយគ្នានោះ លោក វង សូត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយសារទឹកជំនន់នេះផងដែរ និងត្រូវសម្អាតទីទួលដែរបានរស់នៅបានឲ្យស្អាត ដើម្បីកាត់បន្ថយនឹងទប់ស្កាត់ការឆ្លងនូវជម្ងឺផ្សេងៗ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសេរពឹស ច្រើនផងដែរ ដូច្នោះត្រូវប្រុងប្រយ័ត្នជានិច្ច បើមានពស់ចឹងឬខាំត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់ ដើម្បីព្យាបាលឲ្យទាន់ពេលវេលា។
ក្នុងឱកាសនោះ លោក យឹម យូគង់ អភិបាលស្រុកស៊ីធរកណ្តាល បានលើកឡើង ក្នុងឱកាសនោះថា ការចុះសួរសុខទុក្ខ និងចែកអំណោយពីសំណាក់ លោក វង សូត ប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែលះបង់កម្លាំងកាយ កម្លាំងចិត្ត ជួយឧបត្ថម្ភគាំទ្រ ដោះស្រាយរាល់ទុក្ខ កង្វល់ ក្នុងគ្រាមានអាសន្ន ក៏ដូចជាសេចក្តីត្រូវការ នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗ។
លោក យឹម យូគង់ បានបន្ថែមថា ស្រុកស៊ីធរកណ្តាល គឺជាស្រុកមួយ ក្នុងចំណោមក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ងាយរងគ្រោះពីរបបទឹកជំនន់ទន្លេមេគង្គ ដោយសារតំបន់នោះ ជាតំបន់ដីរាបស្មើ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ៦៣៩គ្រួសារ រងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ នៅស៊ីធរកណ្តាល ខេត្តព្រៃវែង គឺក្នុង១គ្រួសារទទួលបាន មុង១ ភួយ១ កន្ទេល១ អង្ករ២៥គីឡូ មី១កេស ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូ សារ៉ុង១ និងថវិកា៤ម៉ឺនរៀល៕