(ភ្នំពេញ)៖ បន្ទាប់ពីចាក់បញ្ចាំង ជូនទស្សនិកជនទស្សនាលើកទី១ កាលពីឆ្នាំ២០១៧ នូវវគ្គទី១ ហើយដោយការទន្ទឹងរង់ចាំទស្សនា វគ្គទី២ទៀតនោះ ដើម្បីជាការឆ្លើយតបតម្រូវការនេះ រោងភាពយន្ត «Prime Cineplex» ផ្សារទំនើបសុវណ្ណា បានចាប់ផ្ដើមចាក់បញ្ចាំងភាពយន្ត ខ្នាតធំរបស់កូរ៉េរឿង «Along With The Gods: The Last 49 Days» វគ្គទី២ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នេះតទៅ។
ពិធីបើកប្រកាស ចាក់បញ្ចាំងភាពយន្ត «Along With The Gods: The Last 49 Days» វគ្គទី២នេះ ត្រូវបានធ្វើឡើងនៅរោងភាពយន្ត «Prime Cineplex» ផ្សារទំនើបសុវណ្ណា នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ដោយមានការចូលរួម ពីសំណាក់ទស្សនិកជនខ្មែរ និងអ្នកគាំទ្រមកពីស្ថានទូកូរ៉េ សហគមន៍កូរ៉េនៅកម្ពុជា អ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មាន មកពីប្រទេសកូរ៉េ ផងដែរ។
តំណាងរោងភាពយន្ត «Prime Cineplex» បានថ្លែងឲ្យដឹងថា ភាពយន្តរឿង «Along With The Gods: The Last 49 Days» នាំចូល និងចែកចាយដោយក្រុមហ៊ុន WML ខណៈដែលភាពយន្តនេះ ពេលដាក់បញ្ចាំងលើកដំបូង នៅក្នុងប្រទេសកូរ៉េ មានអ្នកទស្សនា ជាង១លាន២សែននាក់ និងមានការកើនឡើងរហូតដល់ ៥លាន៥សែននាក់ ក្នុងរយៈពេល៥ថ្ងៃ។ ភាពយន្តនេះ បានបំបែកកំណត់ត្រា មានអ្នកទស្សនាច្រើនជាងគេ នៅក្នុងប្រទេសកូរ៉េ ក្នុងរយៈពេលត្រឹមតែ៦ថ្ងៃ និងកំពុងតែមានសន្ទុះខ្លាំងក្លា បន្ថែមទៀត។
សម្រាប់នៅក្នុងប្រទេសកម្ពុជា រោងភាពយន្ត «Prime Cineplex» សហការជាមួយក្រុមហ៊ុន WML ផ្ដល់សិទ្ធិឲ្យនាំយករឿងដ៏ល្បី «Along With The Gods: The Last 49 Days» មកបញ្ចាំងជាថ្មីនូវវគ្គទី២ ក្នុងរោងភាពយន្តរបស់ខ្លួន ដើម្បីជាចំណីចក្ខុរបស់ទស្សនិកជន ជាអ្នកគាំទ្រ ជាពិសេសយុវវ័យ ចាប់ពីថ្ងៃនេះតទៅ៕