(ភ្នំពេញ)៖ ចក្រភពអង់គ្លេសចង់ឃើញទំនាក់ទំនងកម្ពុជា-អង់គ្លេស កាន់តែរឹងមាំថែមទៀត ព្រមទាំងបានសន្យាបន្តផ្តល់ជំនួយលើការដោះមីន ព្រមទាំងវិស័យមួយចំនួនទៀត។

ការអះអាងបែបនេះបានធ្វើឡើងតាមរយៈអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក លោក ម៉ាក​ ហ្វីល (Mark Field) ពេលចូលជួបសម្តែងការគួរសមនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបយ៉ាងដូច្នេះ «នៅក្នុងជំនួបនេះ ឯកឧត្តម ម៉ាក បានគោរពជម្រាបជូនសម្តេចតេជោថា នេះគឺជាលើកទី១ហើយ ដែលឯកឧត្តម បានធ្វើដំណើរមកកាន់កម្ពុជា ហើយឯកឧត្តមមានសេចក្តីរីករាយ ជាពិសេសទំនាក់ទំនងកម្ពុជា និងចក្រភពអង់គ្លេស គឺទំនាក់ទំនងទ្វេភាគី មានភាពល្អយ៉ាងខ្លាំង ហើយទំនាក់ទំនងជាមួយអាស៊ាន ក៏ដូចគ្នាដែរ។ ក្នុងន័យនេះ ឯកឧត្តម ចង់ឲ្យទំនាក់ទំនងនេះកាន់តែបន្តរឹងមាំថែមទៀត»។

បើតាមលោក អ៊ាង សុផល្លែត ក្នុងជំនួបនោះ លោក ម៉ាក ហ្វីល បានគូសបញ្ជាក់ថា ចក្រភពអង់គ្លេស នៅតែបន្តជាមិត្តរបស់កម្ពុជា ហើយចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់កម្ពុជា លើវិស័យសេដ្ឋកិច្ច, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, ការប្រែប្រួលអាកាសធាតុ, វិស័យអប់រំ, វិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាដើម។

លោកអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស ក៏បានអះអាងដែរថា ចក្រភពអង់គ្លេស នឹងបន្តជួយកម្ពុជាលើវិស័យដោះមីន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះចក្រភពអង់គ្លេសជារៀងរហូតមក ដែលតែងតែផ្តល់ជំនួយដល់កម្ពុជា តាមរយៈវិស័យអប់រំ ដែលចក្រភពអង់គ្លេសជាប្រទេសមានគុណភាពល្អ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចក្រភពអង់គ្លេសផងដែរ ដែលបានជួយយ៉ាងច្រើនក្នុងការដោះមីននៅកម្ពុជា។

សម្តេចក៏បានសូមឲ្យចក្រភពអង់គ្លេស ពិចារណាជួយដល់វិស័យដោះមីននេះ ដល់មជ្ឈមណ្ឌលដោះមីនអាស៊ាន ព្រោះមជ្ឈមណ្ឌលដោះមីនអាស៊ាននេះ មានទីតាំងនៅប្រទេសកម្ពុជា ហើយក៏មានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាល បង្រៀន ប្រជាជននៅក្នុងតំបន់អាស៊ាន មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ ដើម្បីបម្រើការងារក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព នៅក្នុងពិភពលោក៕