(ចិន)៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិន និងម៉ាឡេស៊ី បានរីកចម្រើនលើសពីការជួញដូរទំនិញ និងគ្រឿងចក្រឱ្យគ្នាទៅវិញទៅមកទៅទៀត។ ទំនាក់ទំនងនេះ បានរីកសាយដល់វិស័យហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ដ និងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ក្រុមហ៊ុនជាច្រើនដែលប្រកបអាជីវកម្ម ក្នុងវិស័យលក់រាយ និងអភិវឌ្ឍអចលនទ្រព្យ ក៏កំពុងមើលឃើញពីភាពជិតស្និទ្ធ នៃសហប្រតិបត្តិការនេះដែរ។

កាលពីឆ្នាំ១៩៩៤ ក្រុមហ៊ុន ផាកសិន (Parkson) បានផ្សងព្រេងចូលមកបើកអាជីវកម្មក្នុងប្រទេសចិន ដោយបានបើកផ្សារទំនើបដំបូងបង្អស់របស់ខ្លួននៅផ្លូវ ហ្វ៊ូស៊ីងមឹន (Fuxingmen) នៅប៉េកាំង។ ជាផ្នែកមួយនៃក្រុមហ៊ុន ឡាយអិនហ្គ្រុប (Lion Group) របស់ម៉ាឡេស៊ី ក្រុមហ៊ុនលក់ទំនិញរាយនេះនិយាយថា អាជីវកម្មរបស់គេមិនដែលខាតបង់អ្វីទេ ចាប់ពីពេលចូលមកទីនេះដំបូង។

ភាពរីកចម្រើនដ៏ឆាប់រហ័ស របស់វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច បានជះឥទ្ធិពលអាក្រក់ដល់វិស័យផ្សារទំនើប ដែលបណ្តាលឱ្យប្រាក់ចំណេញថយចុះខ្លាំង ដោយសារតែអតិថិជននិយមទិញទំនិញតាមទូរស័ព្ទកាន់តែច្រើន គួបផ្សំនឹងអ៊ីនធើណេត ដែលមានសេវាគ្របដណ្តប់កាន់តែទូលំទូលាយផងដែរ។ បើទោះជាក្រុមហ៊ុនផ្សារទំនើបជាតិ និងអន្តរជាតិជាច្រើនក្នុងប្រទេសចិន ត្រូវដាំក្បាលចុះក្នុងអំឡុងពេលនេះក្តី ក៏ក្រុមហ៊ុនផាកសិននៅតែរីកចម្រើន។

កាលពីខែមេសាឆ្នាំ២០១៦ ក្រុមហ៊ុនផាកសិន បានបើកផ្សារទំនើបឡាយអិន នៅក្រុងឈីងតាវ ប៉ែកខាងកើតប្រទេសចិន ជាផ្សារទំនើបដំបូងគេបង្អស់ ដែលក្រុមហ៊ុននេះបានសាងសង់ឡើងដោយខ្លួនឯង នៅក្នុងប្រទេសចិន។

លោក សន ឆុង សួយ ហ៊ីយ៉ុង នាយកប្រតិបត្តិ និងអគ្គនាយក ក្រុមហ៊ុន ផាកសិន រីធេល ហ្គ្រុប បាននិយាយថា សម្រាប់ក្រុមហ៊ុនលក់រាយភាគច្រើន គេមិនអាចព្រងើយកណ្តើយចំពោះទីផ្សារមួយ ដែលមានប្រជាជន១ពាន់៣រយលាននាក់បានទេ។ ចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស បើគិតចាប់ពីពេលដែលចិនបើកចំហរទីផ្សារកាលពីដើមឆ្នាំ៩០មក។ កម្លាំងនៃការទិញនិងកម្រិតប្រាក់ចំនូលរបស់អ្នកប្រើប្រាស់ក្នុងស្រុក កំពុងស្ទុះងើបឡើងលឿនណាស់។ អញ្ជឹងហើយបានជាយើងមានទំនុកចិត្តខ្លាំងចំពោះទីផ្សារនេះ»។

ដោយកែសម្រួលល្បាយផលិតផលរបស់ខ្លួន ការលក់នៅផ្សារទំនើបផាកសិន ក្នុងប្រទេសចិន បានរីកចម្រើនមកវិញចំនួន១.៣ភាគរយ ក្នុងឆ្នាំ២០១៧ ក្រោយពីវាបានធ្លាក់ចុះ៦.៧ភាគរយកាលពីឆ្នាំ២០១៦។

លោក សន ឆុង សួយ ហ៊ីយ៉ុង និយាយថា «យើងបានផ្តោតលើផលិតផលគ្រឿងសំអាង សម្លៀកបំពាក់យុវវ័យ និងសម្លៀកបំពាក់កីឡា ដោយសារពួកយើងយល់ថា ចំនុចទាំងនេះអាចទាក់ទាញអតិថិជនវ័យក្មេង ឱ្យមកកាន់ផ្សាររបស់យើងបាន»

ក្រុមហ៊ុននេះឱ្យដឹងថា នៅពេលដែលចិនកាត់បន្ថយពន្ធនាំចូលបន្តិចម្តងៗ តម្លៃលក់នៃទំនិញក៏កាន់តែចុះថោក ជាហេតុជំរុញដល់តម្រូវការ។ ក្រុមហ៊ុន ផាកសិន ក៏បានជំរុញដល់យុទ្ធនាការធ្វើទីផ្សារតាមអនឡាញរបស់ខ្លួនផងដែរ ដើម្បីទាក់ទាញអតិថិជនឱ្យមកកាន់ផ្សារទំនើបរបស់គេ។

ក្រុមហ៊ុនដ៏ធំមួយរបស់ម៉ាឡេស៊ីឈ្មោះថា សាន់វេ ហ្គ្រុប (Sunway Group) ក៏កំពុងខិតខំពង្រឹងអាជីវកម្មរបស់ខ្លួននៅទីផ្សារចិនដែរ។ ក្រុមហ៊ុននេះមានតម្លៃភាគហ៊ុន២ពាន់លានដុល្លារអាមេរិកនៅលើផ្សារហ៊ុន និងមានរោងចក្រផលិតសសរគ្រឹះនៅក្រុងជូហាយ ភាគខាងត្បូងប្រទេសចិន ដែលអាចផលិតសសរបានជាង២សេនតោនក្នុង១ឆ្នាំ។ ថ្មីៗនេះ ក្រុមហ៊ុន សាន់វេ ក៏បានសម្ពោធគម្រោងសាងសង់ខុនដូឈ្មោះថា ទីក្រុងស៊ីណូ-សឹង្ហបុរីអេកូ (Sino-Singapore Eco City ) នៅក្រុងធានជីង ភាគខាងជើងប្រទេសចិនផងដែរ។

លោក ឈូ ឈី គីន ប្រធាន ក្រុមហ៊ុនសាន់វេហ្គ្រុប បាននិយាយថា «ខ្ញុំគិតថាក្រុមហ៊ុនជាច្រើន បើសិនជាគេមិនយល់អំពីការគិតរបស់ប្រជាជនចិនទេ ប្រហែលជាគេនឹងនិយាយថា ទីផ្សារនេះគ្មានប្រយោជន៍អ្វីទេ។ តែច្បាប់វិន័យនៅកន្លែងនេះ មិនខុសពីកន្លែងផ្សេងទេ។ អ្វីដែលខុសនោះ គឺការគិតរបស់ពលរដ្ឋចិន ដែលខុសពីការគិតរបស់អ្នកនៅលោកខាងលិច។ ម្យ៉ាងទៀត នៅពេលដែលចូលមកទីផ្សារប្រទេសចិន ភាសាក៏ជាបញ្ហាមួយសម្រាប់ក្រុមហ៊ុនដែលមកពីលោកខាងលិចផងដែរ។ មែនទែនទៅ ក្រុមហ៊ុនម៉ាឡេគឺជាស្ពានចម្លងដ៏ល្អមួយ ដែលតភ្ជាប់រវាងលោកខាងកើតនិងលោកខាងលិច»៕ (សារព័ត៌មាន CCTV របស់ចិន)