(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចោមរោមមើល រួមទាំងសមត្ថកិច្ចផងដែរ ខណៈដែលប្រទះឃើញសពបុរសម្នាក់ដែលជាម្ចាស់រថយន្តកុងតឺន័រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ដែលបានបើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលទន្លេវ៉ៃកូ អណ្តែតទឹករសាត់មកជាប់នឹងកញ្ជែត។
ការប្រទះឃើញ និងបង្កមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖០០នាទីព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចក្បាលស្ពានខាងកើតឈៀងខាងជើងស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា សពដែលពលរដ្ឋប្រទះឃើញនោះពិតជាតៃកុងរថយន្តកុងតឺន័រពិតប្រាកដមែន ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ពីព្រោះបុរសម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលម្សិលមិញប្រាប់ថា ខ្លួនជាព្រូរថយន្តទេ។
នៅកន្លែងកើតហេតុ ក៏មានតំណាងខាងក្រុមហ៊ុនរថយន្ត មកប្រាប់ថាមិនអាចទាក់ទងទៅតៃកុង ដែលបើកបររថយន្តបង្កគ្រោះថ្នាក់បាននោះដែរ។ បន្ទាប់ពីសមត្កិច្ចយកទូកអូសពមកលើគោក ឆែកឆេររកមើលឃើញកាបូបដៃក្នុងហោប៉ៅដែលកាន់អត្តសញ្ញាណប័ណ្ណមានឈ្មោះ ហួត កំណត់ ភេទប្រុស មានទីលំនៅភូមិ សន្សំកុសល២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីសមត្ថកិច្ចពិនិត្យលើសាកសពរួចមក សមត្ថកិច្ចបានអះអាងថាពិតជាតៃកុងរថយន្តកុងតឺន័រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញពិតប្រាកដមែន។ ហើយសាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅខាងក្រុមគ្រួសារដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕