(បាត់ដំបង)៖ សមត្ថកិច្ចការិយាល័យជំនាញស្រុករតនៈមណ្ឌល បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ និងម៉ាទឹកកក៣១ថង់ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ការបញ្ជូនខ្លួនជនសង្ស័យខាងលើ ត្រូវបានធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុករតនៈមណ្ឌល បានចុះបង្រ្កាប និងឃាត់ខ្លួន កាលពីវេលាម៉ោង១៨៖១៥នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រោយទំនប់ពហុបំណង ស្ថិតក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល កន្លងមក។
លោក ស៊ាន ស៊ីណាល់ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុករតនៈមណ្ឌល បានបញ្ជូនខ្លួនជនសង្ស័យម្នាក់នោះ និងវត្ថុតាងមកការិយាល័យជំនាញហើយ ការិយាល័យបានធ្វើការសាកសួរ តាមនីតិវិធី។
លោកបន្តថា ជនសង្ស័យឈ្មោះ ឈឿន ឈុនហៀក ហៅដូង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ព្រមទាំងវត្ថុតាងរឹបអូសបានម៉ាទឹកកក៣១ថង់ មានទម្ងន់ស្មើនឹង៦.៥២ក្រាម។
បន្ទាប់ពីបានសាកសួរហើយ មន្រ្តីការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕