(ត្បូងឃ្មុំ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះមកពិនិត្យសុខភាព និងចែកថ្នាំពេទ្យជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទឹកជំនន់ ប្រមាណ៣០០គ្រួសារ ដែលស្នាក់នៅទីទួលសុវត្ថិភាព ស្ថិតនៅក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។
ក្នុងនោះដែរ ក៏មានការចូលរួមពីប្រតិភូក្រសួងសុខាភិបាលលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ, លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ រួមជាមួយមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ។
នាឱកាសនោះ លោក ម៉ម ប៊ុនហេង បានពាំនាំនូវការផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះ ដោយធម្មជាតិទឹកជំនន់នាពេលនេះ។
លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយសារទឹកជំនន់នេះផងដែរ ត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសារទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរបានរស់នៅបានឲ្យស្អាត ដើម្បីកាត់បន្ថយនឹងទប់ស្កាត់ការឆ្លងនូវជម្ងឺផ្សេងៗ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសេរពឹស ច្រើនផងដែរ ដូច្នោះត្រូវប្រុងប្រយ័ត្នជានិច្ច បើមានពស់ចឹងឬខាំត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់ ដើម្បីព្យាបាលឲ្យទាន់ពេលវេលា។
លោករដ្ឋមន្រី្ដ ម៉ម ប៊ុនហេង បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹកឬហែលទឹក នៅពេលទឹកជំនន់ ពេលទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់។
សម្រាប់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅមណ្ឌលសុខភាពណាមួយ ដែលមានទីទួលមានសុវត្ថិភាព និងត្រូវនាំកុមារទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់ តាមការកំណត់ ទោះបីជាមានទឹកជំនន់ក៏ដោយ។ ប្រសិនបើមានពស់ចឹក សូមប្រញាប់បញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកឲ្យបានទាន់ពេលវេលា។
លោករដ្ឋមន្ដ្រី បានថ្លែងសោកស្តាយជាខ្លាំងនូវផលប៉ះពាល់ទាំងឡាយ ដែលបង្កឡើងគ្រោះធម្មជាតិទឹកជំនន់ មកលើបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ តែអ្វីដែលបងប្អូនត្រូវអនុវត្តបន្តនោះ គឺអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត បរិស្ថានស្អាត ត្រូវគេងនៅក្នុងមុង កុំឲ្យមានជំងឺគ្រុនឈាម និងជំងឺផ្សេងៗទៀតឆ្លងដោយសារមូស ទាំងម្ដាយឪពុក និងកូនៗ។ ហើយថ្ងៃនេះយើងក៏បាននាំមកនូវថ្នាំក្លរ៉ាមីន ដែលជាថ្នាំសម្លាប់មេរោគ ដើម្បីលាយជាមួយទឹក សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋយើងផងដែរ។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យព្យាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានផ្ដល់នូវថ្នាំបង្ការ គ្រប់មុខ មានកញ្ជ្រិល ស្អូច តេតាណុស និងវីតាមីនអា ដល់កុមារក្រោម៥ឆ្នាំចំនួន២0០នាក់ និងសៀវភៅអប់រំសុខភាពប្រចាំថ្ងៃជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង៣០០គ្រួសារផងដែរ៕