(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានបញ្ជាក់យ៉ាងច្បាស់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ថា ការដោះលែងជនមួយចំនួន ឱ្យមានសេរីភាព នាពេលនេះ គឺជាស្មារតីបង្រួបបង្រួមជាតិ មិនមែនដោយសារមានគំនាបណាមួយពីមជ្ឈដ្ឋានខាងក្រៅ ឬដោយការតស៊ូរបស់មជ្ឈដ្ឋានប្រឆាំងណាមួយឡេីយ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការដោះលែងជនជាប់ចោទមួយចំនួន គឺជាស្មារតីបង្រួបបង្រួមជាតិនៃថ្នាក់ដឹកនាំប្រទេស ជាឆន្ទានុសិទ្ធិ និងនីតិវិធីរបស់តុលាការ ហេីយវាគ្រាន់តែគាប់ជួនពេលវេលាតែប៉ុណ្ណោះ មិនមែនការដោះលែងបានមកដោយសារមានគំនាបណាមួយពីខាងក្រៅប្ញដោយការតស៊ូរបស់មជ្ឈដ្ឋានប្រឆាំងណាមួយឡេីយ»។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបន្តដឹកនាំរដ្ឋាភិបាលសម្រាប់អាណត្តិថ្មីនេះ បានធ្វើឡើងស្របពេលដែលមានការដោះលែង អ្នកវិភាគនយោបាយ សកម្មជនដីធ្លី រួមទាំង អតីតអ្នកសារព័ត៌មាន ដែលត្រូវចាប់ខ្លួនក្នុងពេលប្រព្រឹត្តបទល្មើស កាលពីអំឡុងឆ្នាំ២០១៦ និង២០១៧ កន្លងទៅនេះ។
លោក គឹម សុខ អ្នកភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអនុវត្តទោសបានគ្រប់ចំនួន១៨ខែ។ ជាមួយគ្នានេះ សកម្មជនដីធ្លី សហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ក៏ត្រូវបានដោះលែងចេញពីពន្ធនាគារ «ម២» កាលពី៩យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ដោយឡែក អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះផងដែរ។
អ្នកនយោបាយ និងអ្នកវិភាគ រួមទាំងអ្នកលេងបណ្តាញសង្គម Facebook មួយចំនួន បានសម្តែងការសាទរចំពោះការដោះលែងជនទាំងនោះ ហើយចាត់ទុកថា ការដោះលែងឱ្យមានសេរីភាពនេះ ជាការធ្វើឱ្យបរិយាកាសនយោបាយ នៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរឡើងមួយកម្រិតទៀត៕