(មជ្ឈឹមបូព៌ា)៖ ក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិច (Online) របស់ចិនឈ្មោះថា ចូលីឈីក (JollyChic) បានដើរតួនាទីដ៏វិជ្ជមាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងទម្លាប់នៃការទិញទំនិញរបស់ប្រជាជន នៅទូទាំងតំបន់មជ្ឈឹមបូព៌ា។
ចូលីឈីក បានកើនប្រជាប្រិយភាពនៅមជ្ឈឹមបូព៌ា និងបានជាប់ចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញប្រចាំតំបន់នេះ ដោយគ្របដណ្តប់ជាង៨០ភាគរយនៃចំនួនអ្នក ប្រើអ៊ីនធើណេតសរុបនៅទីនេះ។
ក្រុមហ៊ុនចិននេះ បានចូលមកក្នុងទីផ្សារតំបន់មជ្ឈឹមបូព៌ាកាលពី៣ឆ្នាំមុន។ ប្រព័ន្ធដឹកជញ្ជូនដែលអាចទុកចិត្តបាន គឺជាកត្តាសំខាន់សម្រាប់ក្រុមហ៊ុនលក់ទំនិញតាមអនឡាញ។ ក្រុមហ៊ុន ចូលីឈីក បានសម្រេចចិត្តសហការជាមួយ អារ៉ាមិច (Aramex) ជាក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកដ៏មានឈ្មោះបោះសំលេង ដើម្បីធានាថា បណ្តាញដឹកជញ្ជូនរបស់គេ មានស្ថិរភាពនិងប្រព្រឹត្តទៅដោយរលូន ព្រមទាំងបង្កើតឱកាសអាជីវកម្មដល់ក្រុមហ៊ុនផងដែរ។
លោក ម៉ូហាមេដ ស៊ុមរៀន អ្នកត្រួតពិនិត្យប្រតិបត្តិការ មជ្ឈមណ្ឌលចែកចាយ យ័រដាន់ អារ៉ាមិច បាននិយាយថា «បាទ! វាពិតជាពាក់ព័ន្ធគ្នាមែន។ តាមពិតទៅ អាជីវកម្មតាមអនឡាញរបស់យើង បានប្រែប្រួលខ្លាំងណាស់។ យើងចាប់ផ្តើមមានមុខរបរថ្មីៗ និងមានអ្នកលក់រាយតាមអនឡាញថ្មីៗ។ កាលពីឆ្នាំ២០១៦ ២០១៧ យើងទទួលបានមុខរបរផ្នែកលក់ទំនិញតាមអនឡាញយ៉ាងច្រើន។ យើងមានក្រុមការងារដ៏ពិសេសសម្រាប់រ៉ាប់រងការងារ លក់ទំនិញអនឡាញតែម្តង ដើម្បីទាក់ទងជាមួយអតិថិជនម្នាក់ៗ ទាំងសម្រាប់ក្រុមហ៊ុនចូលីឈីកផង និងសម្រាប់មុខរបរលក់ទំនិញអនឡាញ គ្រប់ប្រភេទដែលយើងមានផង»។
ដោយខុសពីក្រុមហ៊ុនលក់ទំនិញអនឡាញក្នុងស្រុក និងក្រៅស្រុកផ្សេងទៀត ក្រុមហ៊ុនចូលីឈីក ផ្តល់ជម្រើសបង់ប្រាក់ជាក្រដាសប្រាក់ នៅពេលបញ្ជូនទំនិញដល់ដៃអតិថិជន ព្រមទាំងធានាសងប្រាក់វិញ ក្នុងករណីទំនិញខូចខាត ក្នុងរយៈពេលជាក់លាក់ណាមួយ។ គោលការណ៍ទាំងនេះ ការពារដល់ផលប្រយោជន៍របស់អតិថិជន និងបានជួយឱ្យក្រុមហ៊ុននេះកើនប្រជាប្រិយភាពយ៉ាងឆាប់រហ័ស នៅតំបន់មជ្ឈឹមបូព៌ា។
ចូលីឈីក បានបើកមជ្ឈមណ្ឌលទំនាក់ទំនងអតិថិជននៅប្រទេសយ័រដាន់។ មណ្ឌលនេះមានបុគ្គលិកជាង៦០០នាក់ រួមមានដូចជាបុគ្គលិកផ្នែករដ្ឋបាល៥០នាក់ និងបុគ្គលិកផ្នែកសេវាអតិថិជនជាង៥០០នាក់។ ពួកគេសុទ្ធតែជាបុគ្គលិកក្នុងស្រុក។
កញ្ញា ស៊ូម៉ាយ៉ា បុគ្គលិក ក្រុមហ៊ុន ចូលីឈីក និយាយថា «ការងារនៅទីនេះបង្រៀនខ្ញុំឱ្យចេះអត់ធ្មត់ ឱ្យចេះធ្វើការជាក្រុម ចេះរ៉ាប់រងសម្ពាធ ចេះរៀបចំផែនការផ្ទាល់ខ្លួន និងសម្រេចគោលដៅឱ្យបានជោគជ័យ»៕ (សារព័ត៌មាន CCTV របស់ចិន)