(ម៉ាឡេស៊ី)៖ ក្រុមហ៊ុន អ៊ីដតខូ គ្រុប (edotco Group) ដែលជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ទទួលបានពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៨ ពីស្ថាប័ន Frost & Sullivan។ នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនត្រូវបានទទួលស្គាល់ នៅក្នុងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ២០១៦ថា ជាក្រុមហ៊ុនទូរគមនាគមន៍ ប្រចាំឆ្នាំ របស់អាស៊ីអាគ្នេយ៍។
នៅក្នុងពិធីប្រគល់ពានរង្វាន់ លោក Suresh Sidhu អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អ៊ីដតខូ គ្រុប បានលើកឡើងថា៖ «យើងមានកិត្តិយសណាស់ ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ន Frost និង Sullivan សម្រាប់ឆ្នាំទី៣ ជាប់ៗគ្នា។ ពានរង្វាន់នេះ គឺជាភស្តុតាងនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការធានានូវហេដ្ឋារចនាសម្ព័ន្ធរួមបានត្រឹមត្រូវ ដែលត្រូវបានកសាង និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព»។
លោក Suresh Sidhu បានបញ្ជាក់ថា ពានរង្វាន់នេះ ក៏ជាការទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់យើង ដែលលើសពីប្រព័ន្ធអេកូឡូស៊ីទូរគមនាគមន៍ ព្រោះគេទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើម ក្នុងការកសាងប្រទេសរបស់យើង នៅតាមបណ្តាប្រទេសដែលយើងមានវត្តមាន។
ពានរង្វាន់នេះ ត្រូវបានគេប្រគល់ជូន នៅក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ស្ថាប័ន Frost & Sullivan ស្តីពី ការអនុវត្តល្អបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានធ្វើឡើងនៅសណ្ឋាគារ Shangri-La Hotel ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ ពានរង្វាន់នេះ ទទួលស្គាល់ចំពោះក្រុមហ៊ុនដែលឆ្នើម ពូកែទាំងផ្នែកអាជីវកម្ម និងកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងឆ្នាំ២០១៧ ។
លោក Ajay Sunder អនុប្រធានវិទ្យាស្ថាន ICT ប្រចាំនៅស្ថាប័ន Frost & Sullivan បានថ្លែងថា «ក្រុមហ៊ុនអ៊ីដតខូ បានបង្ហាញពីភាពជាអ្នកដឹកនាំ មិនត្រឹមតែទាក់ទងនឹងការផ្តល់សេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុង ផ្នែកនៃនិរន្តរភាព និងការច្នៃប្រតិដ្ឋផងដែរ។ ក្នុងរយៈពេលតែមួយឆ្នាំគត់ ពួកគេបានធ្វើអាជីវកម្មដោយជោគជ័យ នូវបង្គោលអង់តែនធ្វើពីដើមឫស្សីដំបូងគេ ដែលត្រូវបានរៀបចំធ្វើនៅឆ្នាំ ២០១៧ ដើម្បីបន្ត និងដាក់ពង្រាយ បង្គោលអង់តែនប្រាំបីបន្ថែមទៀត»។
លោក Ajay Sunder អនុប្រធានវិទ្យាស្ថាន ICT បានបន្ដថា «ពានរង្វាន់នេះ ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់ក្រុមការងារ រួមទាំងសកម្មភាពដ៏លេចធ្លោនានា របស់ក្រុមហ៊ុនពេញមួយឆ្នាំ២០១៧។ វាឆ្លុះបញ្ចាំងពីសមិទ្ធផលដ៏អស្ចារ្យពេញមួយឆ្នាំរបស់ពួកគេ ហើយយើងសង្ឃឹមថាពានរង្វាន់នេះ នឹងកាន់តែជំរុញពួកគេឲ្យប្រឹងប្រែងបន្តទៀត»។
លោក Suresh Sidhu អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អ៊ីដតខូ គ្រុប បានបន្ថែមទៀតថា៖ «នៅឆ្នាំ ២០១៧ អ៊ីដតខូ បានបង្កើនកម្មសិទ្ធិកាន់កាប់ចំនួន១៨% និងឈានដល់អត្រាដែលយើងចង់បានគឺ១.៥៧x នៃចំនួនអតិថិជន លើបង្គោលអង់តែនដែលមាន។ ការទិញយកបង្គោលអង់តែន Tanzanite Towers នៅប៉ាគីស្ថានក៏ជាជំហានសំខាន់មួយផងដែរសម្រាប់យើង។ ខ្ញុំសូមប្រគល់ពានរង្វាន់នេះ ជូនដល់ក្រុមការងារដ៏អស្ចារ្យរបស់យើងនៅ អ៊ីដតខូ»។
លោកថា «វាគឺជាការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការផ្តល់នូវលទ្ធផលលំដាប់ពិភពលោក ដែលយើងអាចពង្រឹងវត្តមានរបស់យើងនៅទូទាំងតំបន់ ជាអ្នកបង្ហាញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតយ៉ាងជោគជ័យ និងបន្ត កំណត់ ស្តង់ដារសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ផ្សេងៗទៀត នៅជុំវិញពិភពលោក។ ខ្ញុំរំភើបណាស់សម្រាប់រយៈពេលពីរបីខែខាងមុខនេះ ដែលយើងនឹងបន្តជំរុញដំណើរការឲ្យកាន់តែល្អប្រសើរ ស្វែងយល់ពីបច្ចេកវិទ្យា ចែករំលែកបច្ចេកវិទ្យាជំនាន់ក្រោយ និងប្រើប្រាស់ប្រព័ន្ធឌីជីថល នៅក្នុងវិស័យអាជីវកម្មកាន់តែទូលំទូលាយ ក្នុងគោលបំណងនាំមកនូវគុណតម្លៃបន្ថែម ដល់អតិថិជនរបស់យើង»។
លោក Suresh បានបន្ថែមទៀតថា ក្រុមអ្នកវាយតម្លៃប្រចាំស្ថាប័ន Frost & Sullivan អនុវត្តវិធីសាស្រ្តយ៉ាងហ្មត់ចត់ ក្នុងការវាយតម្លៃយ៉ាងសុក្រឹតបំផុត ហើយប្រភេទពានរង្វាន់ដែលផ្តល់ជូនជារៀងរាល់ឆ្នាំ ត្រូវបានពិនិត្យ ឡើងវិញ និងវាយតម្លៃដោយប្រុងប្រយ័ត្ន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពទីផ្សារបច្ចុប្បន្ន រួមទាំងនិន្នាការលេចធ្លោថ្មីៗ។ ក្រុមហ៊ុន ដែលត្រូវបានជ្រើសរើស ត្រូវបានគេវាយតម្លៃលើសូចនាករ ស្តីពីការអនុវត្តទីផ្សារពិតប្រាកដ ដែលរួមមានកំណើនប្រាក់ចំណូល ចំណែកទីផ្សារ និងកំណើនចំណែកទីផ្សារ ភាពជាអ្នកដឹកនាំក្នុងការបង្កើតផលិតផល យុទ្ធសាស្រ្តទីផ្សារ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្ម៕