(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី (Hassan Rouhani) បានអះអាងថា សហរដ្ឋអាមេរិក មិនហ៊ានធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នោះឡើយ ដោយសារតែអំណាចយោធារបស់អ៊ីរ៉ង់ ព្រមទាំងផលវិបាកដ៏ធំធេងនៃជម្លោះនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
លោក រូហានី បានលើកឡើងយ៉ាងដូច្នេះថា «ហេតុអ្វីបានជាអាមេរិកមិនហ៊ានបំផ្ទុះសង្រ្គាមជាមួយយើង គឺដោយសារតែអំណាចយោធារបស់យើង ហើយទីក្រុងវ៉ាស៊ីនតោន ដឹងយ៉ាងជាក់ច្បាស់ថាផលវិបាកធំធេងប៉ុណ្ណា នឹងកើតឡើង ប្រសិនបើសង្រ្គាមរវាងប្រទេសទាំងពីរផ្ទុះឡើងពិតមែននោះ»។
គួរជម្រាបថា ការលើកឡើងរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ ត្រូវបានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មាន កាលពីខែកក្កដាកន្លងទៅថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងប្រើយោធាវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ នៅខែសីហានេះ៕