(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ស្បៀង សម្ភារ និងថវិកាមួយចំនួន ក្នុងពេលចុះសួរសុខទុក្ខ លោកព្រឹន្ទបាលទោ ផាន់ ភូមិន្ទ អាយុ ២៣ឆ្នាំ មន្ត្រីនគរបាលសង្កាត់ប៉ុស្តិ៍ចោមចៅទី ៣ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ឆ្អឹងដងកាំបិតខាងស្តាំ ខណៈពេល កំពុងប្រតិបត្តិការបង្ក្រាបបទល្មើសចោរឆក់ កាលពីយប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅពេលចុះទៅសួរសុខទុក្ខនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខចំពោះលោក ផាន់ ភូមិន្ទ ដែលបានរងគ្រោះថ្នាក់នៅក្នុងឧបទ្ទវហេតុខាងលើនេះ និងសូមផ្តាំផ្ញើឲ្យថែទាំសុខភាព ព្យាបាលមុខរបួសឱ្យបានល្អ ឆាប់បានជាសះស្បើយវិលត្រឡប់ទៅបំពេញការងារបម្រើប្រជាពលរដ្ឋវិញ ។
បន្ទាប់ពីទទួលបានការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរួចមក លោក ផាន់ ភូមិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ និងលើកទឹកចិត្តដល់ជនរងគ្រោះគ្រប់ប្រភេទដោយគ្មានការរើសអើងអ្វីឡើយ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការរងទី ១ ក៏បានចុះទៅ សួរសុខទុក្ខ និងផ្តល់អំណោយជូនដល់លោកអនុសេនីយ៍ទោ សែត គឹមសេម អាយុ ៤១ឆ្នាំ មន្ត្រីនគរបាលសង្កាត់ប៉ុស្តិ៍ចោមចៅទី ៣ ដែលកំពុងមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរផងដែរ៕