(ភ្នំពេញ)៖​ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ តុលាការកំពូលនឹងបន្តជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំ ជាលើកទី២ របស់លោក កឹម សុខា អតីតប្រធាននៃគណបក្សសង្គ្រោះជាតិ។

បើតាមអង្គសេចក្តី សវនាការនេះ គឺធ្វើឡើងដោយសារ​មេធាវីរបស់លោក កឹម សុខា មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការ​កំពូល កាលថ្ងៃ​ទី​០៩ ខែ​មីនា​​ ឆ្នាំ២០១៨ ដោយបាន​សម្រេចតម្កល់​សាល​ដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ នឹងតម្រូវឲ្យបន្ត​ឃុំ​ខ្លួន​ លោក​ ​កឹម សុខា ​ក្នុង​ពន្ធនាគារ​បន្ត​ទៀត ដើម្បី​សាកសួរ​ និង​ការពារ​កុំ​ឲ្យ​មាន​បទ​ល្មើស​​ថ្មី​កើត​ឡើង។​

សេចក្តីសម្រេចរបស់តុលាការកំពូលនេះដែរ គឺសំអាងហេតុថា ករណីលោក កឹម សុខា ជា​បទ​ល្មើស​ឧក្រិដ្ឋ​ ​ដែល​ចាំបាច់​ត្រូវ​ឃុំ​ខ្លួនដើម្បីស៊ើប​សួរ​ ឲ្យ​បាន​ហ្មត់​ចត់ត្រឹមត្រូវ។

ពាក់ពន្ធ័លើសុំរឿងនេះ ប្រធានចៅក្រុមជំនុំជម្រះ លោក​ ឃឹម ប៉ុណ្ណ​ ​ធ្លាប់បាន​ប្រកាស​ក្នុង​សម្រង់​ន័យ​ដើម​ដោយ​យោង​លើ​មូល​ហេតុ​ថា៖​ «លោក កឹម សុខា បាន​ប្រព្រឹត្ត​បទ​ល្មើស​ ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៧។ បទ​ល្មើសនេះ​ជា​បទ​ឧក្រិដ្ឋ ដូច្នេះ​ការ​ស៊ើប​សួរ​ត្រូវ​ហ្មត់ចត់​ត្រឹម​ត្រូវ»។​

គួររំឭកថា ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​ កាលពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​ពី​បទ​ ​«ក្បត់​ជាតិ»​ ​និង​បញ្ជូនលោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ខេត្ត​ត្បូងឃ្មុំ។​ លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។

បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ៕