(ភ្នំពេញ)៖ ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងតែបន្ដការគំរាមកំហែងកាន់តែខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។ នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់អង្គភាព Fresh News។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា យប់នេះជាយប់ចុងក្រោយ ដែលជំនន់ទឹកស្ទឹងព្រែកត្នោត មានការកើនឡើងយ៉ាងខ្លាំង នៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយសារស្ថានភាពបែបនេះ លោករដ្ឋមន្ដ្រី លឹម គានហោ បានដឹកនាំមន្ដ្រីជំនាញចុះទៅពិនិត្យផ្ទាល់ និងដាក់ចេញនូវវិធានការភា្លមៗ ឲ្យក្រុមការងារដាក់ពង្រាយនៅតាមទំបន់សណ្ដរ ដើម្បីគ្រប់គ្រងមួយយប់ទល់ភ្លឺ មិនឲ្យសម្រាកឡើយ។
លោក ចាន់ យុត្ថា បានថ្លែងយ៉ាងដូច្នេះថា «ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្នុងឱកាសចុះពិនិត្យការងារនាវេលាយប់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីប្រចាំការទាំងអស់ ត្រូវតែធ្វើការពេញមួយយប់ទល់ភ្លឺ ដោយបណ្តាក់គ្នាធ្វើការចល័ត ដើម្បីតាមដានក្រែងលោ មានការហូរច្រោះ ព្រោះថាយប់នេះគឺជាយប់ចុងក្រោយ ដូចនេះយើងត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នបន្ថែម រហូតដល់ភ្លឺឡើងទើបស្ថានភាពជំនន់ បានធូរស្រាលទៅវិញ»។
លោក ចាន់ យុត្ថា ក៏ធ្លាប់ឲ្យដឹងដែរថា ចំពោះស្ថានភាពជំនន់ទឹកនេះ ក្រុមបច្ចេកទេសជំនាញរបស់ក្រសួង អាចគ្រប់គ្រងបានទាំងស្រុង មិនមានអ្វីជាបញ្ហាចោទនោះទេ បន្ទាប់ពីតួទំនប់សណ្ដរស្ទឹងព្រែកត្នោតទាំង៣កន្លែង បានជួសជុលរួចរាល់។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងធនធានទឹក បានបន្ថែមថា ស្ថានភាពអាកាសធាតុ ក៏បានធូរស្រាល ម្សិលមិញមិនមានភ្លៀងធ្លាក់ខ្លាំងទេ ឯទឹកនៅផ្នែកខាងលើ បានស្រកចុះបណ្តើរៗ ឯទ្វារទឹកនៅអាងទឹកតាសាល និងរលាំងជ្រៃ ក៏បានសម្រុតចុះមួយចំនួនហើយដែរ ដើម្បីកាត់បន្ថយបរិមាណទឹក កុំឲ្យហូរបុកមកក្រោមខ្លាំងពេក។ ខណៈនៅទំនប់ ៧មករា ក្រុមការងារបាននិងកំពុងបង្វែរទឹកខ្លះចូលទៅទន្លេបាទី។
យ៉ាងណាក៏ដោយ សម្រាប់ស្ថានភាពវិវត្ដន៍បែបណានោះ អង្គភាព Fresh News នឹងផ្សាយជូនសាធារណៈជាបន្ដបន្ទាប់៕