(ភ្នំពេញ)៖ កម្ពុជាកំពុងរួមគ្នាតភ្ជាប់បណ្តាញហោះហើរបន្ថែមជាមួយប្រទេសជាដៃគូរចំនួន៤ប្រទេស ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីទទួលបានអ្នកដំណើរកើនរហូតជាង ៩លាននាក់ ក្នុងឆ្នាំ២០១៨នេះ។
លោក ម៉ឹង សត្យា ប្រធាននាយកដ្ឋានផែនការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថា ក្នុងវគ្គសិក្ខាសាលានៃការអភិវឌ្ឍអាកាសយានដ្ឋាន និងការជួបជុំដើម្បីតភ្ជាប់បណ្តាញហោះហើរបន្ថែមទៀត គឺសម្រាប់ប្រទេសជាដៃគូចំនួន៤នាពេលនេះ ដែលក្នុងនោះរួមមាន៖ ប្រទេសកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងសាធាររដ្ឋប្រជាមានិតចិន ដើម្បីធ្វើយ៉ាងណាបានទាក់ទាញនូវភ្ញៀវទេសចរអាចមកកម្ពុជារហូតជាង៩លាននាក់ ក្នុងឆ្នាំ២០១៨នេះ។
លោកបញ្ជាក់ទៀតថា ក្នុងជំនួបសិក្ខាសាលានាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨នេះ គឺមានគោលបំណងសំខាន់ ដើម្បីកែលម្អឧស្សាហកម្មអាកាសចរ នៃប្រទេសទាំង៤ ឲ្យកាន់តែមានសក្តានុពលទាក់ទាញភ្ញៀវទេសចរបន្ថែមផងដែរ។
លោកបានបន្តយ៉ាងដូច្នេះថា កាលពីឆ្នាំ២០១៧ វិស័យអាកាសចរកម្ពុជា បានទាក់ទាញនូវភ្ញៀវទេសចរប្រមាណជាង ៨លាន៦សែននាក់ ហើយនៅឆ្នាំនេះ វិស័យអាកាសចរនៅកម្ពុជាមានក្តីស្រម័យថា នឹងមានកំណើនភ្ញៀវទេសចរកើនឡើង១លាននាក់ទៀត មានន័យថា នឹងមានចំនួនភ្ញៀវទេសចរកើនឡើងរហូតដល់ ៩លាន៦ សែននាក់ ក្នុងឆ្នាំ២០១៨នេះ។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការតភ្ជាប់បណ្តាញអាកាសចរបន្ថែមនេះ ជារឿងសំខាន់បំផុតសម្រាប់កម្ពុជា ពង្រីកសក្តានុពលហោះហើរស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសជឿនលឿនលើពិភពលោក។
លោកបន្ថែមថា បច្ចុប្បន្នអ្នកដំណើរតាមជើងហោះហើរជុំវិញពិភពលោកកាន់តែចាប់អារម្មណ៍លើការហោះហើរ និងមានកំណើនទ្វេដង ដូចនេះសូមឲ្យសិក្ខាសាលានេះ យកចិត្តទុកដាក់បន្ថែម ដើម្បីសិក្សាពីការតភ្ជាប់រយៈពេល២ថ្ងៃនេះ ឲ្យទទួលបានលទ្ធផលល្អ ដើម្បីឈានដល់ការតភ្ជាប់បណ្តាញហោះហើរបន្ថែមប្រកបដោយប្រសិទ្ធភាពខ្ពស់៕