(ភ្នំពេញ)៖ ពិធីបុណ្យហាជ គឺជាសក្ការៈបូជាមួយនៅក្នុងចំណោមសក្ការៈបូជាទំាង៥ នៃសាសានាឥស្លាមទៅចំពោះអល់ឡោះជា ម្ចាស់ ដែលទ្រង់បានបង្គាប់បញ្ជាមកលើជនមូស្លីមគ្រប់រូប។ សក្ការៈបូជាទំាង៥នៃសាសនាឥស្លាមរួមមានការទទួលស្គាល់អល់ឡោះ ជាម្ចាស់ និងមហំាម៉ាត់ជាអ្នកនំាសាររបស់ព្រះ (Shahadah), ការថ្វាយបង្គំមួយថ្ងៃមួយយប់ប្រំាដង (Salat), ការផ្ដល់វិភាគទាន (Zakat) ការតមអាហារក្នុងខែរ៉ាម៉ាដន (Sawm) និងពិធីបុណ្យហាជ ឬហាជីនេះតែម្ដង។
ពិធីបុណ្យហាជ (Hajj) ត្រូវប្រារព្ធនៅឯទីសក្ការៈបូជា ក្នុងទីក្រុងម៉េកកា (Mecca) នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីតជារៀងរាល់ ឆ្នាំ។ ពិធីបុណ្យនេះចាប់ផ្ដើមឡើងនៅថ្ងៃទី៨ ខែស៊ុលហិចជាស់ រហូតដល់ថ្ងៃទី១៣ ក្នុងខែដដែលនេះ (គិតតាមកាលបរិច្ឆេទ មហាមំាម៉ាត់សករាជ ឬចន្ទគតិ) ហើយបើគិតជាគ្រឹស្តសករាជគឺត្រូវចាប់ផ្ដើមធ្វើឡើងចាប់ពីថ្ងៃចន្ទ ទី២០ ខែសីហានេះ រហូតដល់ ថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នំា២០១៨។
ប៉ុន្តែអ្នកកាន់សាសនាឥស្លាមនៅកម្ពុជាចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហានេះ។ ពិធីបុណ្យ ហាជជាកាតព្វកិច្ចចំពោះជនមូស្លីមដែល មានទ្រព្យសម្បត្តិ សមត្ថភាព និងលទ្ធភាព ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា គេក៏ត្រូវគិតផងដែរ ពីជីវភាពគ្រួសាររបស់ខ្លួន ជាឧទាហរណ៍ បើសិនជាយើងខ្វះខាតលុយកាក់ ឬមានត្រឹមតែលទ្ធភាព សម្រាប់ធ្វើដំណើរនោះ កាតព្វកិច្ចមួយនេះមិនត្រូវតម្រូវឱ្យធ្វើនោះទេ ឬត្រូវរង់ចំានៅពេលក្រោយដែលយើងមានលទ្ធភាព។
ដោយឡែក បើនិយាយអំពីប្រវត្តិពិធីបុណ្យហាជ មានតំាងតែពីសម័យអ្នកនំាសាររបស់ព្រះជាម្ចាស់ឈ្មោះ អាដំា មកម្ល៉េះរហូតដល់ មហំាម៉ាត់ ដែលជាអ្នកនំាសារចុងក្រោយ ហើយគោល បំណងនៃពិធីបុណ្យនេះគឺបង្ហាញពីជំនឿទៅចំពោះអល់ឡោះ ក៏ដូចជា ភាពជាបងប្អូន មិនរើសអើង របស់ជនមូស្លីមក្នុងពិភពលោក ដែលមានវប្បធម៌ ភាសា ពណ៌សម្បុរខុសៗគ្នាមកជួបជុំគ្នា តាមការបង្គាប់បញ្ជាពីអល់ឡោះជាម្ចាស់។
គួរបញ្ជាក់ថា ពិធីបុណ្យហាជនៅក្នុងឆ្នាំ២០១៨នេះ មានមូស្លីមជាង០២លាននាក់បានចូលរួម។ ម្យ៉ាងវិញទៀតថ្វីបើពិធីបុណ្យហាជ គឺជាកាតព្វកិច្ចសម្រាប់បុគ្គលជាអ្នកកាន់សាសនាឥស្លាមគ្រប់ៗរូប ប៉ុន្តែវាក៏មានករណីលើកលែងផងដែរសម្រាប់ អ្នកស្លាប់ និងចាស់ ជរា ឬក៏ពិការ មានជំងឺរុំារ៉ៃ អាចឱ្យអ្នកដទៃធ្វើជំនួសខ្លួនបាន។ បុណ្យនេះជាប់កាតព្វកិច្ចលើបុគ្គលម្នាក់ៗ ពោលគឺមិនមែនមាន ន័យថា នៅពេលសមាជិកគ្រួសារណាម្នាក់ទៅធ្វើបុណ្យហាជ ហើយសមាជិកដទៃក្នុងគ្រួសារនោះរួចខ្លួននោះទេ៕