(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១នេះ លោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក សួន បវរ អភិបាលខេត្ត ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ជុំវិញខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារ គ្រោះមហន្តរាយនៅខេត្តបន្ទាយមានជ័យ ក្នុងខែកក្កដា ឆ្នាំ២០១៨។
លោក សួន បវរ បានថ្លែងថា ក្នុងខេត្តបន្ទាយមានជ័យ នាខែកក្កដា ឆ្នាំ២០១៨នេះ ទទួលការរងគ្រោះមហន្តរាយ បង្ករងគ្រោះដល់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយអាជ្ញាធរ មន្ត្រីរាជការ សមត្ថកិច្ចបានចូលរួមសង្គ្រោះ ដល់ពួកគាត់ទាន់ពេលវេលា អ្វីដេលយើងធ្វើបាន។
លោកអភិបាលខេត្តបន្តថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ប៉ះពាល់ និងខូចខាត់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន២៩២ខ្នងផ្ទះ ខូចខាតធ្ងន់ចំនួន២៥ខ្នងផ្ទះ រងរបួសម្នាក់ លង់ទឹកស្លាប់មនុស្ស៥នាក់ របួស២នាក់ អគ្គិភ័យឆាបឆេះផ្ទះចំនួន១៤ខ្នង កុដិ១ខ្នង និងរន្ទះបាញ់មនុស្ស៧លើក។ រងគ្រោះដោយគ្រោះរាំងស្ងួត ក្នុងខែកក្កដា ឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់តិចណាស់តាមបណ្តាក្រុង ស្រុក មានស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូរជ្រៅ និងបះពាល់ដំណាំស្រូវរដូវវស្សាចំនួន៥៤៦៩ហិកតា ក្នងនៅស្រូវស្រាលដើមរដូវវស្សា ចំនួន៨៩ហិកតា ស្រូវកណ្តាលចំនួន៤៧៩២ហិកតា ស្រូវធ្ងន់ចំនួន៥៨៨ហិកតា។
រងគ្រោះដោយទឹកជំនន់ ដោយសារភ្លៀងធ្លាក់ចាប់ធ្លាក់ដើមរដូវធ្វើឲ្យប្រជាកសិករ មានភាពងាយស្រួលក្នុងការប្រមូលផលលើផ្ទៃដី ដាំដុះស្រូវបានចំនួន ២៥៤៣១៩ហិកតា ស្មើនឹង១០១.៥១ភាគរយ នៃផែនការ២៥០៥០០ហិកតា។
ទន្ទឹមក្នុងនោះដែរ ក៏មានភ្លៀងធ្លាក់បានធ្លាក់ជាប់ៗគ្នា ចុងខែកក្កដា និងពេញពាក់កណ្តាលខែសីហា ទឹកជំនន់ធ្លាក់ពីស្ទឹកបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្របពេលស្រូវប្រជាកសិករទុំ ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ស្រូវរងគ្រោះប៉ះពាល់ទឹកជំនន់ មានចំនួន៤២៦៤ហិតា ខូចខាត់ចំនួន២៤៣៥ហិកតា ស្មើនឹង១៣៣៨គ្រួសារ។
ក្នុងនោះដែរ លោកអភិបាលខេត្ត បានសំណូមពរមានធ្វើសំណង់ទ្វារទឹក ស្តារពង្រីកមុខទឹក និងប្រព័ន្ធរំដោះទឹកបន្ថែម។ រៀបចំឲ្យមានប្រព័ន្ធការពារ និងទប់ស្កាត់អំពីមុខសញ្ញាគ្រោះថ្នាក់នៃគ្រោះរាំងស្ងួត ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត។ សុំពូជស្រូវស្រាលក្នុង១គ្រួសារ ១៥០គីឡូក្រាម សម្រាប់ស្តារឡើងវិញនៅពេលទឹកស្រក។ ប្រេងម៉ាស៊ូត ចំនួន១០០០០លិត្រ និងម៉ាស៊ីនចំនួនគ្រឿង ដើម្បីជួយអន្តរាគមន៍សង្គ្រោះឆ្លើយតបបន្ទាន់ជាបន្តទៀត។ ឃីតចំនួន១៣៣៧កញ្ចប់សម្រាប់ប្រជាពលរដ្ឋរងគ្រោះ។
ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានសហការជាមួយសាខាកាកបាទក្រហមខេត្ត បានចូលរួមគ្នាធ្វើការដោះស្រាយរួចរាល់ការងារទាំងអស់នេះ ដោយមិនបាច់រងចាំថ្នាក់ជាតិចុះមកជួយឡើយ។
តែទោះជាយ៉ាងណា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ សន្យាផ្តល់ពូជស្រូវតាមរយៈក្រសួងកសិកម្ម និងឃីដមួយចំនួនតាមរយៈកាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋយើងតាមរយៈថ្នាក់ខេត្តឆាប់ៗនេះខាងមុខនេះ។
ទេសរដ្ឋមន្រ្តីបានបន្តថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ត្រូវបានធ្វើការត្រួតពិនិត្យការងារ៧ខែ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ដូច្នេះយើងត្រូវចុះមើលពីស្ថានភាពទូទៅ នៅតាមបណ្តាខេត្តនានាជុំវិញបឹងទន្លេសាបនិងទន្លេមេគង្គ ដើម្បីធ្វើការដោះស្រាយតាមការជាក់ស្តែង។ បច្ចុប្បន្នទឹកនៅទន្លេសាបមិនទាន់ពេញទេ នេះហើយដែលយើងពុំមានការព្រួយបារម្មណ៍ឡើយ តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នត្រៀមលក្ខណៈជាស្រេចក្រែងមានគ្រោះធម្មជាតិក្រោយណាមួយកើតមានជាយថាហេតុផងដែរ៕