(ព្រៃវែង)៖ សាខាកាំកុងត្រូលខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព ប្រធានសាខា រួមជាមួយរថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង និងអាជ្ញាធរស្រុក បានចុះត្រួតពិនិត្យគុណភាព បរិមាណ និងប្រភេទប្រេងសាំងធម្មតា ឬស៊ុបពែ តាមបណ្តាស្ថានីយឬដេប៉ូ លក់ចែកចាយប្រេងឥន្ធនៈមួយចំនួននៅស្រុកស្វាយអន្ទរ និងស្រុកពាមរក៏។
ជាលទ្ធផលក្នុងសកម្មភាពត្រួតពិនិត្យទាំងស្រុក២ខាងលើ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨នេះ បានចំនួន១៨ទីតាំងស្ថានីយ៍ ហើយសមត្ថកិច្ចកាំកុងត្រូល បានរកឃើញ ០៥ទីតាំង មានអនុលោមភាព, ០៥ទីតាំង មិនអនុលោមភាពលើបរិមាណ (រង្វាស់រង្វល់) និង០៦ទីតាំង មិនអនុលោមភាពលើបរិមាណ និងបន្លំយកសាំងធម្មតា លក់តំលៃសាំងស៊ុបពែ។
ដោយឡែក មាន០២ស្ថានីយ៍ មិនព្រមសហការជាមួយកម្លាំងសមត្ថកិច្ចឲ្យត្រួតពិនិត្យប្រេងទេ ប្រហែលជាម្ចាស់ស្ថានីយ៍ ខ្លាចសមត្ថកិច្ចរកឃើញកំហុស មិនប្រក្រតីរបស់ខ្លួន ដែលបានប្រព្រឹត្តកេងបន្លំលើគុណភាព បរិមាណប្រេងចំពោះអ្នកប្រើប្រាស់កន្លងមក។
បើតាម លោក អ៊ុត សុភាព ស្ថានីយ៍ប្រេង Tela ឈន់ គន់ ដែលមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវលេខ៨ មានចំងាយប្រហែល៥០០ម៉ែត្រ ខាងលិចរង្វង់មូលស្វាយអន្ទរមកភ្នំពេញ នៅពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ម្ចាស់ស្ថានីយ៍ ឈ្មោះ ឡេង ស៊ីផេន ភេទស្រី មិនឲ្យសមត្ថកិច្ចត្រួតពិនិត្យទេ ដោយគាត់បានចាក់សោរចុកកែកុងទ័រនៅមុខសមត្ថកិច្ចឲ្យគ្រប់លីត្រវិញ ទោះបីសមត្ថកិច្ចនិយាយណែនាំពីបញ្ហា នៃការត្រួតពិនិត្យយ៉ាងណាក៏ដោយ ក៏គាត់មិនស្តាប់សមត្ថកិច្ចដែរ តែទីបំផុតកម្លាំងសមត្ថកិច្ចក៏បានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន១៤គីឡូក្រាម ដែលបានដាក់តាំងលក់ ក្នុងស្ថានីយ៍នោះ និងបានធ្វើកិច្ចសន្យាឲ្យធ្វើការកែប្រែក្នុងការបន្លំបរិមាណ ដល់អ្នកប្រើប្រាស់ផងដែរ។
ជាមួយគ្នានេះទៀត ស្ថានីយ៍ប្រេងឥន្ធនៈ សូគីម៉ិច ស្ទឹងស្លូត ដែលមានទីតាំងតាមបណ្តាយផ្លូវជាតិលេខ១ ក៏មិនបានសហការជាមួយសមត្ថកិច្ចដែរ ដោយម្ចាស់ស្ថានីយ៍បានបិទចរន្តអគ្គិសនី ដែលធ្វើឲ្យសមត្ថកិច្ចមិនអាចត្រួតពិនិត្យបាន។
សូមបញ្ជាក់ថា រាល់ស្ថានីយ៍ដែលមិនអនុលោមភាព លើបរិមាណ និងបន្លំ សមត្ថកិច្ចបានធ្វើកិច្ចសន្យាឲ្យធ្វើការកែប្រែទាំងអស់ បើគ្រប់បីដងមិនរៀងចាល និងចាត់វិធានតាមផ្លូវច្បាប់៕