(ភ្នំពេញ)៖ នៅវេលាម៉ោង០៦៖៤០នាទីព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានដោះលែងចេញពីពន្ធនាគារ «ម១» ហើយ បន្ទាប់ពីប្រធានពន្ធនាគារ បានទទួលដីកាបង្គាប់ឲ្យដោះលែងពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ដែលកំពុងចុះទៅយកព័ត៌មានផ្ទាល់នៅពន្ធនាគារ។
សូមជម្រាបថា អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងចេញពីពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅយាង សុជាមេត្តា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង៨ខែមកហើយ ក្រោមបទចោទប្រកាន់ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយដល់ការការពារជាតិ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុង ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ»។