(ក្រចេះ)៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានហក់ឡើងដល់ម្រិតជិតប្រកាសអាសន្នហើយ ដោយតម្រូវឲ្យបងប្អូន ប្រជាពលរដ្ឋនៅទីរួមខេត្ត មួយនេះ និងអ្នកដែលរស់នៅតាមដងទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃនេះ កម្ពស់ទឹកទន្លេមេគង្គមានកម្ពស់ប្រមាណ២២ម៉ែត្រ១៩ ពោលជាកម្រិតជិតដល់ការ ប្រកាសអាសន្ន។ តែបើតាមលោក ចាន់ យុត្ថា អ្នកនាំាពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្ពស់ទឹកដែលត្រូវប្រកាសអាសន្ននោះគឺ២៣ម៉ែត្រ។
សូមបញ្ជាក់ថា ក្រចេះជាខេត្តមួយនៅជាប់ដងទន្លេមេគង្គ ដែលបានទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរ លើកលែងតែស្រុកស្នួលមួយ ដែលមិនទទួលការគម្រាមកំហែងពីជំនន់ទន្លេមេគង្គ។ ដើម្បីដោះស្រាយភាពប្រឈមខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម បានជម្រុញដល់មន្ទីរជំនាញតាមខេត្តនីមួយៗ ត្រូវប្រញាប់រៀបចំតម្លើងសម្ភារមាស៊ីននៅទីតាំងប្រព័ន្ធមេរំដោះទឹក ដើម្បីធ្វើការបូមទឹកចេញពីក្រុង ឬប្រជុំជនជាដើម និងបញ្ចៀសពីការជន់លិច ជាហេតុបណ្តាលឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជាមួយនឹងវិធានការដោះស្រាយចំពោះបញ្ហានៅចំពោះមុខនេះ នៅថ្ងៃទី២១ ខែសីហានេះ លោក យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរពីមន្ទីរជំនាញ អាជ្ញាធរក្រុង-សង្កាត់ ចុះត្រួតពិនិត្យទីតាំងបូមទឹកក្នុងភូមិដូនជ្រាំ សង្កាត់-ក្រុងក្រចេះ។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងក៏ដូចជាមន្ទីរជំនាញ បានធ្វើការពិនិត្យនៅទីតាំងដែលត្រូវជួយសង្រ្គោះ និងបានដោះស្រាយបានទាន់ពេលវេលាផងដែរ ហើយមាស៊ីនដែលមន្ទីរតម្លើងពេលនេះ គឺជាការបូមជួយសង្រ្គោះបឋមក្នុងមូលដ្ឋានទេ ទៅខាងមុខ ក្រសួងនឹងសិក្សាទីតាំងដើម្បីដាក់មាស៊ីនប្រចាំការប្រើដោយអគ្គិសនី សម្រាប់ការបូមរំដោះទឹកដោះស្រាយជាប្រចាំ។
ទន្ទឹមនឹងការជួយសង្រ្គោះរបស់ក្រសួងខាងលើនេះ, អាជ្ញាធរខេត្តក៏ទាមទារឲ្យមានការចូលរួមសង្រ្គោះ ពីបងប្អូនប្រជាពលរដ្ឋផ្ទាល់ដែរ ដោយប្រុងប្រយ័ត្ននឹងបញ្ហាចរន្តអគ្គិនីចូលទឹក បញ្ហាសុខភាពអនាម័យ និងបញ្ហាក្មេងលង់ទឹក។
លោកអនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត រួមមន្ទីរពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងជួយសង្រ្គោះបូមរំដោះទឹកចេញពីទីក្រុង និងទីប្រជុំជនបានទាន់ពេលវេលា បញ្ចៀសពីផលប៉ះពាល់ដល់វិស័យមួយចំនួន ដោយសារទឹកជំនន់ជន់លិចរយៈពេលយូរ៕