(កំពង់ចាម)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមានការកែលម្អគុណភាពសេវាសុខាភិបាល និងអនុវត្ដន៍តាមគោលការណ៍របស់រាជរដ្ឋាភិបាល បានដាក់ចេញសម្រាប់វិស័យសុខាភិបាល ធ្វើឲ្យប្រជាពលរដ្ឋ ទូទាំងប្រទេសមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋ មានការកើនឡើងច្រើនពីមួយឆ្នាំៗ។
ការថ្លែងបែបនេះក្នុងឱកាស ចុះសួរសុខទុក្ខប្រជាពលរដ្ឋ មកពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្ដកំពង់ចាម និងមណ្ឌលសុខភាព មៀន នៅស្រុកព្រៃឈរ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «ក្រោមដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជាប្រមុខដ៏រឹងមាំ បានពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនកម្ពុជាគ្រប់រូបពីហានិភ័យនានា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ ពិសេសស្ដ្រីមានផ្ទៃពោះ ក្នុងគ្រួសារក្រីក្រ គឺចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ទៅ នឹងអនុវត្តនូវកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនេះនឹងធ្វើឡើងជា ៣ដំណាក់កាលរួមមាន ដំណាក់កាលទី១៖ ឧបត្ថម្ភ ៤លើក ក្នុងមួយលើក ៤ម៉ឺនរៀល នៅពេលស្ត្រីមានពោះ ទៅទទួលយកសេវាពិនិត្យផ្ទៃពោះ នៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ, ដំណាក់កាលទី២៖ ឧបត្ថម្ភ ២០ម៉ឺនរៀល នៅពេលស្រ្តីសម្រាលកូននៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ, ដំណាក់កាលទី៣៖ ឧបត្ថម្ភ ១០លើក, ក្នុងមួយលើក ៤ម៉ឺនរៀល នៅពេលស្រ្តីជាម្តាយនាំទារកទៅទទួលថ្នាំបង្ការ ឬ សេវាគាំពាររហូតដល់កុមារមានអាយុ ២ឆ្នាំ»។
លោកសាស្ដ្រាចារ្យ បន្ថែមថា «សម្រាប់ស្ត្រីជាមន្ត្រីរាជការ កម្មការិនី ប្រជាពលរដ្ឋ ដែលសម្រាលបានកូនម្នាក់ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ចំនួន ៤០ម៉ឺរៀល កូនភ្លោះ២នាក់ទទួលបាន៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ទទួលបាន១លាន២០ម៉ឺនរៀល ហើយសម្រាប់កូនភ្លោះ៣នេះ ក៏ជាកូនរបស់សម្ដេចដែរ ដូច្នេះសម្ដេចតេជោនឹងឧបត្ថម្ភប្រាក់ដោយឡែកបន្ថែម៥លានរៀលទៀត រួមជាមួយអំណោយមួយចំនួនទៀត ដែលសម្ដេចតេជោនឹងផ្ដល់ជូនជាបន្តបន្ទាប់។ចំនែកកម្មការិនី មិនចាំបាច់បង់ប្រាប់របបសន្តិសុខសង្គមទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស១០០% ហើយបុគ្គលិក-កម្មករនិយោជិតក្រៅប្រព័ន្ធ (ក្នុងនោះក៏មានស្ត្រីដែរ) ដែលបានចុះបញ្ជីនៅ ប.ស.ស នឹងទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។ បុគ្គលិក និយោជិក កម្មករ មានប័ណ្ណមូលនិធិសមធម៌សុខាភិបាលទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនបង់លុយ និងអត្ថប្រយោជន៍ជាច្រើនទៀតជូនប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ អ្នកស្រី សេង សោភា កម្មកររោងចក្រស្បែកជើងនៅខេត្ដកំពង់ចាម ដែលមកសម្រាលកូននៅមន្ទីរពេទ្យខេត្ដ បានឲ្យដឹងថា «ខ្ញុំពេញចិត្ដនឹងសេវាពិនិត្យព្យាបាលរបស់លោកគ្រូអ្នកគ្រូពេទ្យ នៅទីនេះណាស់ គាត់បានយកចិត្ដទុកដាក់ និងតាមដានសុខភាពខ្ញុំ និងកូនខ្ញុំជាប់ជានិច្ច ទោះជាការសម្រាលរបស់ខ្ញុំមិនអស់លុយក៏ដោយ។ ខ្ញុំអរគុណណាស់ ដល់គ្រូពេទ្យដែលជួយមើលថែ ពិសេសដល់រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្ដទុកដាក់មកលើបងប្អូនប្រជាពលលរដ្ឋយើង ដែលការជួយរបស់លោក បានជួយសម្រាលការលំបាកខ្ញុំមួយចំណែកធំ ចឹងពួកខ្ញុំគ្មានអ្វីទេ មានតែជូនពរគាត់មានសុខភាពល្អ និងជោគជ័យរហូត ដឹកនាំប្រទេសកាន់តែរីកចម្រើន»។
ចំណែក អ្នកស្រី បុប្ផា ដែលរស់នៅស្រុកព្រៃឈរ ខេត្ដកំពង់ចាម មកសម្រាលកូននៅមន្ទីរពេទ្យខេត្ដ បានប្រាប់ថា «នេះជាកូនទីពីរហើយ ដែលខ្ញុំមកកើតនៅទីនេះ ដោយឥតយកលុយ ព្រោះខ្ញុំប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល។ សម្រាប់ការឆ្លងទន្លេរបស់ខ្ញុំនេះ មិនមានអីពិបាកទេ ព្រោះពេទ្យគាត់យកចិត្ដទុក្ខដាក់ ហើយកន្លងមកខ្ញុំមកពិនិត្យតែនៅទីនេះ តាំងពីខ្ញុំមិនទាន់ផ្ទៃពោះរហូតដល់ពេលកើតកូនរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្ដ និងពេញចិត្ដ ពេលទទួលបានការយកចិត្ដទុកដាក់របស់ពីមន្ទីរពេទ្យ និងថ្នាក់លើៗបន្ថែមទៀតនោះ» ។
ព្រមជាមួយគ្នានោះដែរ លោកសាស្ដ្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្ដកំពង់ចាម បានថ្លែងថា «សម្រាប់អ្នកជំងឺដែលមកពិនិត្យព្យាបាលជំងឹ នៅមន្ទីរពេទ្យខេត្ដកំពង់ចាមយើងនេះ ក្នុងមួយឆ្នាំអ្នកជំងឺមកសម្រាកនៅពេទ្យ និងសះស្បើយឡើងវិញ ជាង២ម៉ឺននាក់ និងពិនិត្យជំងឺផ្សេងៗជាច្រើនម៉ឺនាក់ទៀត ដោយក្នុងមួយខែៗបើគិតទៅលើតែប្រជាពលរដ្ឋយើងឆ្លងទន្លេ មានរហូតដល់ទៅជិត៥ពាន់នាក់ ហើយក្នុងនោះ អ្នកជំងឺដែលមកពិនិត្យ និងព្យាបាលជំងឺ ដែលប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស ទាំងក្នុងនិងក្រៅប្រព័ន្ធ មូលធិនិសមធម៌ ជនក្រីក្រ គឺលើសពី៥០%ទៀត។ ជាក់ស្ដែងនៅថ្ងៃនេះ អ្នកជំងឺមកសម្រាកព្យាបាលរហូតដល់ទៅជិត៣០០នាក់ ដោយឡែកសម្រាលកូនមានចំនួន១៩នាក់ »។
សូមបញ្ជាក់ថាផងដែរ ត្បិតតែវិស័យសុខាភិបាល មានលក្ខណៈអំណោយផលខ្ពស់ សម្រាប់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ តែក្រសួងសុខាភិបាល ដែលដឹកនាំដោយ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏នៅតែជំរុញដល់មន្ទីរពេ្យទូទាំងប្រទេស ត្រូវពង្រឹង និងពង្រីកគុណភាព សមត្ថិភាព និងប្រកាន់យកឲ្យខ្ជាប់ខ្ជួន នូវសីលធម៌វិជ្ជាជីវៈគ្រូពេទ្យជានិច្ច ពិសេសបំពេញនូវតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា៕