(ភ្នំពេញ)៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា (បាក់ឌុប) ដែលមានរយៈពេលថ្ងៃ២ ត្រូវបានបញ្ចប់ជាស្ថាពរហើយ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ជាមួយបរិយាកាសល្អប្រសើរ ភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ។
ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនបានឲ្យដឹងថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ជាទូទៅបេក្ខជនបានគោរពបទប្បញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ ដោយពុំមាននាំមកជាមួយនៅសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ឡើយ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
បន្ថែមពីនេះក្រសួងក៏បានបញ្ជាក់ផងដែរថា ការប្រឡងនេះមានបេក្ខជនប្រឡងសរុប ចំនួន១១៥,២៦៨នាក់ ស្រី៥៨,១៥៨នាក់ អវត្តមានសរុបចំនួន១,៨០៦នាក់ ស្រី៧២៣នាក់។ បុគ្គលិកអប់រំមានកំហុសឆ្គង០៣ករណី ដោយទុកទូរស័ព្ទជាប់ខ្លួន ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ។
សម្រាប់អាកាសធាតុនៅតាមមណ្ឌលប្រឡងមួយចំនួន នៅតែបន្តមានភ្លៀងធ្លាក់ដូចជា ខេត្តកែប ព្រះសីហនុ រតនគិរី និងខេត្តមណ្ឌលគិរី ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេរ របស់បេក្ខជនឡើយ។
ដោយឡែក ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡង នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងព្រឹកថ្ងៃបន្ទាប់សម្រាប់បេក្ខជនតាមបណ្ដាខេត្តផ្សេងទៀត៕