(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ ក៏ដូចជាសមាជិកមានសភាពមកពីគណបក្សនយោបាយនានា ដែលទើបនឹងបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អាចតាម ហើយរាយការណ៍រាល់ភាពអសកម្មអាជ្ញាធរ អភិបាលខេត្ត រហូតដល់រដ្ឋមន្ដ្រីក្រសួងនានា ជូននាយករដ្ឋមន្ដ្រីដោយផ្ទាល់ ដើម្បីពិនិត្យ និងចាត់វិធានការទៅលើភាពអសកម្មទាំងនោះ។
លោក ឈឹម ផលវរុណ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិគ្រោះយោបល់នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ «សម្តេចតេជោ និងរាជរដ្ឋាភិបាលស្វាគមន៍គ្រប់ពេលចំពោះអ្វីដែលឧត្តមក្រុមប្រឹក្សា និងសមាជិកនេះ រកឃើញនូវភាពអសកម្ម ក៏ដូចជាការបំពានអំណាចពីសំណាក់ចៅហ្វាយខេត្ត អាជ្ញាធរជាបុគ្គល រហូតដល់ថ្នាក់ជាតិជារដ្ឋមន្ត្រីក្រសួង គឺគាត់អាចជួយបង្ហាញនូវភាពអសកម្មដោយឈរលើការពិតដោយមានភស្តុតាង ឬក៏មានតម្រុយដែលអាចឈានទៅរកការពិតហ្នឹងបាន។ អ៊ីចឹងសម្តេចតេជោ ស្វាគមន៍ចំពោះការងារហ្នឹង ដើម្បីយកមកដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងវិនិច្ឆ័យ»។
បើតាមលោក ឈឹម ផលវរុណ ដើម្បីឲ្យសមាជិកឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់នេះ អាចចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានប្រកបដោយភាពងាយស្រួលនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់តួនាទីដល់ពួកគេជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលថែមទៀតផង។
ក្រៅពីអាចតាមដានពិនិត្យ និងរាយការណ៍អំពីភាពអសកម្ម និងការប្រព្រឹត្តខុសច្បាប់នានាហើយនោះ ដើម្បីឲ្យឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់អាចចូលរួមចំណែកជួយរាជរដ្ឋាភិបាលកាន់តែច្រើនថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវការងារស្នូលធំៗមួយចំនួនទៀត ដូចជា ផ្ដល់គំនិតមតិយោបល់លើដំណើរការនៃការអនុវត្ត ឬរៀបចំនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល មុននឹងដាក់ចូលគណៈរដ្ឋមន្ដ្រី, មានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើសេចក្ដីព្រាងច្បាប់ ស្នើទៅរាជរដ្ឋាភិបាល, ផ្ដល់អនុសាសន៍កែលម្អលើដំណើរការអភិវឌ្ឍ គោលនយោបាយ ការអនុវត្តន៍ច្បាប់របស់រាជរដ្ឋាភិបាលជាដើម។
លោក ឈឹម ផលវរុណ បានអះអាងដែរថា សម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍គ្រប់ពេលចំពោះអ្វីដែលសមាជិក ឬឧត្តមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ក៏ដូចជាការរកឃើញភាពអសកម្ម ឬការបំពានអំណាចពីសំណាក់ អភិបាលខេត្ត អាជ្ញាធរ (ជាបុគ្គល) រហូតដល់ថ្នាក់ជាតិ មានរដ្ឋមន្ដ្រី។
សូមបញ្ជាក់ថា ជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល នៅពេលនេះ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ដោយមានការឯកភាពពីគណបក្សនយោបាយនានានៅក្នុងជំនួបពិគ្រោះយោបល់គ្នានាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។
«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» នេះ មានសមាសភាពមកពីគណបក្សដែលបានចូលរួមបោះឆ្នោតអាណត្តិទី៦ ជាមួយការឯកភាពពីនាយករដ្ឋមន្រ្តី។ គណបក្សនីមួយៗមានតំណាងពីររូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី (ដោយតែងតាំងឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី)។
ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍តាមគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀងបញ្ជីបោះឆ្នោត។ «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់»នេះ មានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ។ លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុងវិមានសន្តិភាព។
«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ត្រូវប្រជុំរៀងរាល់មួយខែម្តង តាមការកោះប្រជុំរបស់ប្រធានបន្តវេន ហើយប្រជុំជាមួយនាយករដ្ឋមន្រ្តី៦ខែម្តង ឬ ជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី។
«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នេះ៕