(ភ្នំពេញ)៖ ឆ្នាំនេះពិព័រណ៍ពាណិជ្ជកម្ម-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ដោយក្នុងនោះកម្ពុជា គ្រោងនាំផលិតផលកសិផលច្រើនជាងរាល់ឆ្នាំ ទៅតាំងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាននេះ។
ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ដែលនឹងរៀបចំឡើងនៅទីក្រុងណានីន ប្រទេសចិននេះ ជាវេទិការដ៏សំខាន់មួយ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោយបាយការទូត ព្រមទាំងវប្បធម៌ ជាពិសេសបង្កើតការវិនិយោគ និងសកម្មភាពពាណិជ្ជកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពង្រឹងគោលដៅទីផ្សារទាំងក្នុង និងក្រៅប្រទេស ស្របតាមយុទ្ធសាស្រ្ដអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ លើវិស័យពាណិជ្ជកម្មកម្ពុជា-ចិន។
លោក ស៊ាង ថៃ អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ថា ស្ដង់ដែលរៀបចំតាំងពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥នេះ មានចំនួន១៤៦ស្ដង់ ក្នុងនោះក្រុមហ៊ុនដែលបានទាក់ទង មកដាក់ពាក្យស្នើសូមចូលរួមមានចំនួន៩០ក្រុមហ៊ុន។
លោកថ្លែងបន្ដទៀតថា «រយៈពេល៣ឆ្នាំចុងក្រោយនេះ ការនាំផលិតផលខ្មែរ ទៅតាំងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន មានការកើនឡើងខ្ពស់មែនទែន...ដោយឆ្នាំនេះកើនឡើងលើសពីឆ្នាំមុខ ដោយឆាំ្នមុនមានត្រឹមតែ១២៦ស្ដង់ តែឆ្នាំនេះមានរហូតដល់១៤៦ស្ដង់ មានការកើនឡើង២០%»។
លោកបញ្ជាក់ថា «កម្ពុជាមានទំនិញជាច្រើន ដែលយកទៅតាំងពិព័រណ៍ ក្នុងនោះទំនិញដែលនាំទៅច្រើនជាងគេ គឺផលិតផលកសិផល ហើយបានជាកម្ពុជានាំផលិតផលកសិផលទៅច្រើនជាងគេ ព្រោះកម្ពុជាជាប្រទេសកសិកម្ម ដូច្នេះផលិតផល ដែលយកទៅដាក់តាំងបង្ហាញច្រើនជាងគេ គឺកសិកម្ម បន្ទាប់មកមានផលិតផលសិប្បកម្ម, សេវា, ធនាគារ, ទេសចរ, អប់រំជាដើម»។
សូមបញ្ជាក់ថា ក្រៅពីការតាំងបង្ហាញផលិតផល និងសេវាផ្សេងៗទៀតនោះ ក៏មានការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខា លើគម្រោងវិនិយោគមួយចំនួនទៀត និងមានការរៀបចំវេទិកាវិនិយោគកម្ពុជា-ចិនលើកទី៣ ព្រមទាំងកម្មវិធីទស្សនកិច្ចរបស់ពាណិជ្ជកម្មកម្ពុជា ទៅកាន់ប្រទេសចិន ដើម្បីស្វែងរកដៃគូធ្វើអាជីវកម្ម៕