(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ សត្វអណ្តើក១៣០ក្បាល ដែលបង្ក្រាបបានពីឈ្មួញ នាំចូលពីប្រទេសថៃ ត្រូវបានយកទៅលែង នៅតំបន់អភិរក្សអូររន្ទះបាញ់នៅ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា សត្វអណ្តើកចំនួន១៣០ក្បាល ដែលត្រូវបាននាំយកទៅដោះលែងនៅតំបន់អភិរក្សអូររន្ទះបាញ់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ បង្ក្រាបបានកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្រុកព្រះនេត្រព្រះ។
លោកបានបញ្ជាក់ទៀតថា សត្វអណ្តើកទាំងនេះ ត្រូវបានឈ្មួញនាំចូលពីប្រទេសថៃហើយនាំទៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ហើយកន្លងមកមន្ត្រីជំនាញបានសហការជាមួយកងកម្លាំងបង្ក្រាបសត្វព្រៃ បាន៥ករណីក្នុង១ករណីមិនតិចជាង១០០ ទៅ៥០០ក្បាលឡើយ។
លោក ឃូរ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា ក្រោយពេលដែលកម្លាំងអាវុធហត្ថ សហការជាមួយមន្ត្រីមេព្រៃបង្ក្រាបបទល្មើសសត្វព្រៃ ចាប់បានសត្វអណ្តើតពីឈ្មួញនាំចូលពីប្រទេសថៃហើយ ត្រូវបានលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីជំនាញរួមជាមួយកងកម្លាំង នាំយកទៅដោះលែងតំបន់អភិរក្សអូររន្ទះបាញ់ស្ថិតស្រុកព្រះនេត្រព្រះ។
លោកបានបញ្ជាក់បន្តថា តំបន់អភិរក្សអូររន្ទះបាញ់ ត្រូវបានអភិរក្សសហគមន៍ជាច្រើនឆ្នាំមកហើយដែលមានទំហំ ១០ហិចតា ហើយលេងសត្វអណ្តើកដែលបង្ក្រាបបាន អាជ្ញាធរស្រុកសុំឲ្យមន្ត្រីរដ្ឋបាលជនផលព្រះនេត្រព្រះ ត្រូវការពារឲ្យបានដាច់ខាត៕